បារាំងចង់ឃើញការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃប្រកបដោយសន្ដិវិធីនិងត្រៀមឯកសារផ្ដល់ជូនបើសិនប្រទេសទាំងពីរត្រូវការ
ភ្នំពេញ៖លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាលបារាំង ក្នុងការគាំទ្រឲ្យមានការស្វែងរកដំណោះស្រាយប្រកបដោយសន្ដិវិធី លើជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
លោក នីកូឡា ហ្វ័ររីស្យេ បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសកម្ពុជា។
លោកបានថ្លែងយ៉ាងដូច្នេះថា «ប្រទេសបារាំងគាំទ្រនូវកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយយើងគាំទ្រក្នុងការរកដំណោះស្រាយមួយប្រកបដោយសន្ដិភាព ហើយយើងមានឯកសារដែលត្រៀមជួយដល់ប្រទេសទាំងពីរទាក់ទងនឹងបញ្ហាព្រំដែន។ ជំហររបស់យើង គឺយើងនៅទីនេះដើម្បីជួយប្រទេសទាំងពីរតាមបែបសន្ដិភាព តាមបែបយោគយល់គ្នា តាមបែបពិភាក្សាគ្នាតាមបែបការទូត»។
ជាមួយគ្នានេះ លោក នីកូឡា ហ្វ័ររីស្យេ ក៏បានអះអាងថា រដ្ឋាភិបាលបារាំង នឹងមិនចូលដៃចូលកិច្ចការផ្ទៃក្នុងនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃឡើយ ប៉ុន្ដែត្រៀមជានិច្ចដើម្បីជួយគាំទ្រដល់ការដោះស្រាយដោយសន្ដិវិធី៕
