ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម មានប្រសាសន៍ អំពីដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាយន្តការពង្រឹងតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

260

 

ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងឱកាសបអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ចំនួន២ខ្នង មាន១១បន្ទប់ នៅសាលាបឋមសិក្សា ពងពស់ និងសាលាបឋមសិក្សា នាគរង្សី ស្ថិតនៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណជូនឯកឧត្តម ព្រុំ សុខា និងក្រុមការងារចុះជួយស្រុកបាភ្នំទាំង ដែលបានចំណាយថវិកាជួយ សាងសង់អគារសិក្សាដែលសម្ពោធនាថ្ងៃនេះ រួមមាននៅសាលាបឋមសិក្សាពងពស់ និងសាលាបឋមសិក្សា នាគរង្ស៊ី ដើម្បីជួយអភិវឌ្ឍន៍មូលដ្ឋាន ពិសេសពង្រឹងវិស័យអប់រំថ្នាក់បឋមសិក្សា។

ពីវេទិកាអធិបតី សម្ដេចក៏បានអំពាវនាវជាថ្មីទៀត សូមប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីទាំងអស់ ចូលរួមអនុវត្តតាមវិធានការសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រួមទាំងអញ្ជើញទៅចាក់វ៉ាក់សាំង តាមការកំណត់របស់មន្រ្តីសុខាភិបាលឱ្យបានគ្រប់ៗគ្នា។ សម្ដេចបន្តថានៅបណ្ដា ប្រទេសលោកខាងលិចខ្លះ ស្ថានភាពកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ដោយសារពលរដ្ឋ មិនគាំទ្រវិធានការរដ្ឋាភិបាល។

សម្រាប់ប្រទេសកម្ពុជា សម្ដេចក្រឡាហោម បានសម្ដែងការស្ញប់ស្ញែង ចំពោះការចូលរួមគាំទ្រ និងការគោរពអនុវត្តតាមវិធានការ របស់រាជរដ្ឋាភិបាលពីសំណាក់ប្រជាពលរដ្ឋ ដែលធ្វើឱ្យរាជរដ្ឋាភិបាល ទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ យ៉ាងណាក៏ដោយ សម្ដេចបានសម្ដែងក្ដីព្រួយបារម្ភ ចំពោះអត្រាឆ្លងនាប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបានហក់ឡើងខ្ពស់ ដល់មួយថ្ងៃប្រមាណជាង៥០០នាក់។

សម្ដេចក៏បានថ្លែងកោតសរសើរកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលឃុំ ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធនឹង ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។ សម្ដេចក៏បានទាញចំណាប់អារម្មណ៍អង្គពិធី អំពីការចរាចរណ៍គ្រឿងញៀន និងការផលិតគ្រឿងញៀនសំយោគ។ សម្ដេចក៏បានអំពាវនាវប្រជាពលរដ្ឋ ចូលរួមសហការជាមួយ អាជ្ញាធរដើម្បីប្រយុទ្ធនឹងគ្រឿងញៀន និងត្រូវបង្ការកុំឱ្យសមាជិក ក្រុមគ្រួសារពាក់ព័ន្ធគ្រឿងញៀន។

សម្ដេចក៏បានគូសបញ្ជាក់ អំពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ពាក់កណ្ដាល ឆ្នាំ២០២២នេះដែរ។ សម្ដេចបន្តថាការបោះឆ្នោតនេះ បានឆ្លងកាត់រយៈពេល២០ឆ្នាំ មកហើយ ហើយថាពីមួយអាណត្តិទៅមួយអាណត្តិ ការបោះឆ្នោតនេះកាន់តែមានភាពល្អប្រសើរ ដែលមានន័យថាប្រជាពលរដ្ឋ មានការឱ្យតម្លៃ និងយល់ដឹងចំពោះសេចក្ដីត្រូវការ ចាំបាច់នៃការបោះឆ្នោត ដើម្បីធ្វើឱ្យមូលដ្ឋានមានស្ថិរភាព។

ភ្ជាប់នឹងប្រធានបទបោះឆ្នោតឃុំ សង្កាត់នេះ សម្ដេចក៏បានបន្តមាន ប្រសាសន៍អំពីដំណើរ ការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាយន្តការពង្រឹងតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាពង្រឹងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពោលគឺការឆ្លើយតបបានទាន់ពេលវេលា នូវរាល់សេចក្ដីត្រូវការផ្សេងៗ នៅមូលដ្ឋាន ដោយមិនពឹងអាស្រ័យតែទៅលើថ្នាក់ជាតិ។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមក៏បានបង្ហាញសេចក្ដីរីករាយ បន្ទាប់ពីសម្ដេចបាន ជួបសន្ទនា ជាមួយប្រជាពលរដ្ឋហើយដឹងថា ពួកគាត់កំពុងធ្វើស្រូវ បានច្រើន រហូតមួយហិកតាអាចធ្វើស្រូវ បានជាង៤តោនក្នុងមួយឆ្នាំ។ ជាថ្មីម្ដងទៀត សម្ដេចបានមានប្រសាសន៍ថា គ្រឿងចក្រ បានធ្វើឱ្យកសិករមាន លទ្ធភាពធ្វើស្រូវបានល្អ និងច្រើនជាងមុន ហើយក៏ធ្វើឱ្យកាត់បន្ថយ កម្លាំងពលកម្មដែរ៕

អត្ថបទដែលជាប់ទាក់ទង