ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់កាបូប

44

តាកែវ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៦ និង ០០នាទី មានករណីអំពើលួចមាន ស្ថានទម្ងន់ទោស(ឆក់កាបូប) កើតឡើងនៅត្រង់ចំណុចលើដងផ្លូវជាតិលេខ១២២ ស្ថិតនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ២ នាក់ ប្រើប្រាស់មធ្យោបាយ ម៉ូតូចំនួន១គ្រឿង ធុនC១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ តាកែវ 1T:8204 ធ្វើសកម្មភាព ឆក់កាបូបពីជនរងគ្រោះ ឈ្មោះ ឡូញ ស្រីចិត្ត ភេទស្រី អាយុ ២៦ឆ្នាំ មានទីលំនៅភូមិ ស្ដុកប្រិយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងកាបូបមាន ទូរស័ព្ទដៃម៉ាក អូប៉ូ ចំនួន ០១គ្រឿង និងប្រាក់រៀលចំនួន១០ម៉ឺនរៀល (ដប់ម៉ឺនរៀល)។

ក្រោយទទួលបានពត៌មានពីជនរងគ្រោះ កម្លាំងជំនាញបានធ្វើការពួនស្ទាក់គ្រប់ច្រកល្ហក ដោយសហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំត្រពាំងសាប លំពង់ តាំងដូង ក្រាំងធ្នង់ ពត់សរ កណ្ដឹង និងមានការសហការជាមួយ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រោមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ រហូតដល់វេលាម៉ោង ១៧ និង ៣០ នាទី ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ ឈ្មោះ វឿន សុជាតិ ភេទប្រុស អាយុ ១៩ឆ្នាំ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន នៅភូមិតាំងឬស្សី ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ នៅត្រង់ចំណុចភូមិត្បែង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងវត្ថុតាងម៉ូតូដែលមានភិនភាគខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។

រីឯ កាបូបដែលឆក់បានជនសង្ស័យ ឈ្មោះ វឿន សុជាតិ បានសារភាពថា ពេលខ្លួនធ្វើសកម្មភាពឆក់រួច ក៏មានសមត្ថកិច្ចដេញតាម ខ្លួនភ័យពេកបានបោះកាបូបចោលនៅម្ដុំខាងកើតផ្លូវរថភ្លើង ក្នុងភូមិសាស្រ្ដឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ចំណែកឯបក្សពួកម្នាក់ទៀតឈ្មោះ ហេង កានីន ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិតាំងឬស្សី ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ រត់គេចខ្លួនបាត់៕

អត្ថបទដែលជាប់ទាក់ទង