ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ស្ដ្រីបច្ចុប្បន្ន បានប្រែក្លាយ ពីមុខរបរប្រពៃណី មកជាស្ត្រីដែលមានជំនាញវិជ្ជាជីវៈពិតប្រាកដ

210

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ៖ បច្ចុប្បន្ននេះ ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុបង្រួប បង្រួមជាតិ ការពារសន្តិសុខជាតិ មិនអាចខ្វះបាន និងបានប្រែក្លាយពីស្ត្រី ដែល មានមុខរបរប្រពៃណី មកជាស្ត្រីដែលមានជំនាញវិជ្ជាជីវៈពិតប្រាកដ តាមរយៈ ការបណ្តុះបណ្តាលជំនាញ និងបានចូលរួមក្នុងការបំពេញបេសកកម្មដោះមីននៅបរទេស ដោយ ជ្រកក្រោមស្លាករបស់អង្គការសហប្រជាជាតិ ក្នុងនាមជាកងទ័ពស្ម័គ្រចិត្ត ។

លោកស្រី កិត្តិសង្គហបណ្ឌិត បានថ្លែងបែបនេះ ខណៈលោកស្រី បានអញ្ជើញជាអធិបតីក្នុង ពិធីទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី ១១១ ឆ្នាំ២០២២ ក្រោមប្រធានបទ សមភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត និងការប្រកាសកែរសម្រួលបំពេញបន្ថែម គណៈកម្មាធិការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍
ក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ មីនា ឆ្នាំ២០២២ ។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់អង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។

ក្នុងពិធីនេះ ក៏បានប្រកាសតែងតាំងលោកជំទាវ ប៉ែន វិមល ជាប្រធានកិត្តិយស គណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយនឹង សមាសភាពបំពេញបន្ថែមសមាសភាពសមាជិក ចំនួន ៩រូប ផងដែរ ។

លោកស្រី កិត្តិសង្គហបណ្ឌិត បានគូសរំលេចដល់គណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអប់រំយុវជន និងកីឡា ត្រូវចូលរួមអនុវត្តឲ្យបាន តាមប្រសាសន៍ណែនាំរបស់ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានថ្លែងកាលពី ថៃ្ងទី២១ ខែ កុម្ភៈ ឆ្នាំ២០២២ ដោយបានបញ្ជាក់ឲ្យក្រសួងអប់រំ យុវជន និងកីឡា អនុវត្តដូចខាងក្រោម៖. ក.បន្តពិនិត្យស្រាវជ្រាវស្ថានភាពនិស្សិតជានារីនៅកម្រិតឧត្តមសិក្សាទាំងក្នុងគ្រឹះស្ថានសិក្សារបស់រដ្ឋនិងគ្រឹះស្ថានសិក្សាឯកជន ដោយត្រូវធ្វើរបាយការណ៍ ដើម្បីមានវិធានការដោះស្រាយ។ ទន្ទឹមនឹងនោះ ត្រូវរៀបចំឱ្យមានកិច្ចសន្ទនារវាងអាណាព្យាបាលជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដើម្បីស្រាវជ្រាវពីបញ្ហាដែលនាំឱ្យសិស្សស្រីបោះបង់ការរៀនសូត្រ និងរិះរកគំនិតផ្តួចផ្តើមដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាអប់រំ។

ខ. បន្តយកចិត្តទុកដាក់លើកកម្ពស់ការអប់រំឌីជីល ជាពិសេស ការផ្តល់គាំទ្រ និងការបង្កើនការចូលរៀនរបស់សិស្ស និស្សិតជានារី លើផ្នែកបច្ចេកវិទ្យាឌីជីថល និងការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEAM)។ គ. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តតម្រង់ទិស និងពង្រីកការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងព័ត៌មានវិទ្យា ដល់សិស្ស និស្សិត ដោយឆ្លើយតបនិងតម្រូវការទីផ្សារការងារ និងពង្រីកការផ្តល់អាហារូបករណ៍ដល់សិស្ស ក្រីក្រ ជាពិសេស ស្រ្តី និងជនពិការ ព្រមទាំងសម្របសម្រួលឱ្យមានការចុះកម្មសិក្សាតាមវិស័យឯកជននានា។

លោកស្រី បានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ ១៩ នេះ យើងទាំងអស់គ្នាត្រូវរៀនរស់នៅ និងធ្វើការ ជាមួយនឹងកូវីដ១៩ ជាពិសេស ចូលរួមអនុវត្តឲ្យបាន នូវវិធាន ការណ៍ ៣ការពារ៣កុំ ខណៈដែលមេរោគកូវីដ ១៩ (អូមីក្រុង) បាននឹងកំពុងឆ្លងរីករាលដាលយ៉ាងណាក៏ដោយ និងបានបន្ត ១.ជម្រុញលើកកម្ពស់តួនាទីស្រ្តីក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ និងជម្ងឺឆ្លងផ្សេងទៀត ២. ជំរុញឲ្យស្ត្រីឈានមុខ លើការការពារខ្លួនពីជម្ងឺ និងការឆ្លងដល់កូនចៅ និងសមាជិកក្នុងគ្រួសារ និង ជំរុញឲ្យស្រ្តីនាំកូន ចៅ ទៅទទួលវ៉ាក់សាំង បង្ការជម្ងឺនានា និងវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីក រាលដាលចូលក្នុងសហគមន៍ ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង