ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី៖ ការសង្គ្រោះប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ និងសង្គ្រោះប្រជាពលរដ្ឋរងគ្រោះពីទឹកជំនន់ ជាមួយនឹងការផ្ដល់ជំនួយមនុស្សធម៌ ជាការងាររបស់រដ្ឋបាលរាជធានី អនុវត្តបានល្អនៅឆ្នាំ២០២១

269

 

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២១កន្លងមកនេះសកម្មភាពចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាម មូលដ្ឋានរបស់អាជ្ញាធររាជធានីភ្នំពេញត្រូវបានកាត់បន្ថយ តែបានជំនួសមកវិញ នូវសកម្មភាពសង្គ្រោះ ប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ និងប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ជាមួយនឹងការផ្ដល់ជំនួយ មនុស្សធម៌ជូនពួកគាត់ជាចាំបាច់ផងដែរ។
នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងពិធី “បើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ”នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ។

លោកឃួង ស្រេងបាន មានប្រសាសន៍បន្តទៀតថា៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញូចំនួន ៩ លើក, វិសាមញ្ញ ១ លើក, សម្ងាត់ ១លើក និងកិច្ចប្រជុំគណៈកម្មាធិការ របស់ក្រុមប្រឹក្សារាជធានីចំនួន ៤៨លើក ប៉ុន្តែ ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២១ នៅតាមបណ្ដាខណ្ឌទាំង១៤ ត្រូវបាន អាក់ខាន ស្របតាមលិខិតលេខ ១៥២២ សជណ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ចំពោះកិច្ចប្រជុំប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំតាមមូលដ្ឋានរបស់ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌ ទាំង១៤ ក្នុងឆ្នាំនេះ ត្រូវជួបប្រទះនូវបញ្ហាប្រឈមក្នុងការប្រមូលផ្ដុំជួបប្រជុំ ដោយត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ។ប៉ុន្តែ ទោះបីយ៉ាងណាក្តី យើងបានខិតខំពុះពាររៀបចំ កិច្ចប្រជុំតាមប្រព័ន្ធ ទំនាក់ទំនងសង្គម (អនឡាញ) ដើម្បីស្តាប់លទ្ធផលអនុវត្តការងារ និងចូលរួមដោះស្រាយ បញ្ហាប្រឈមជូនប្រជាពលរដ្ឋ ដោយរក្សាបាននូវប្រសិទ្ធភាព និងនិរន្តរភាពការងារមូលដ្ឋាន។
គណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំប្រចាំសប្ដាហ៍ អឌ្ឍមាស ប្រចាំខែ និងប្រជុំដោះស្រាយបញ្ហាផ្សេងៗ ដើម្បីពិនិត្យ ពិភាក្សា និងដាក់ចេញវិធានការចាំបាច់ ពាក់ព័ន្ធទៅនឹងកិច្ចការពារសន្តិសុខ-សណ្ដាប់ធ្នាប់ ការអភិវឌ្ឍ បញ្ហាអនាម័យ-បរិស្ថាន ការគ្រប់គ្រងវិបត្តិបង្កឡើងដោយជំងឺកូវីដ-១៩ និងជំរុញការអនុវត្តយុទ្ធនាការជាតិចាក់ វាំក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងបានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋាន-សម្ភោធសមិទ្ធផល នានាបានចំនួន ៧២ លើក ។

លោកឃួង ស្រេង បានបន្តថា សមិទ្ធផល និងស្នាដៃសំខាន់ៗ របស់រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានក្នុងឆ្នាំ២០២១ កន្លងមក ដែលសុទ្ធសឹងតែជាការចូលរួម ចំណែកយ៉ាងសកម្ម ពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន, ក្រុមប្រឹក្សាគណៈអភិបាល, ថ្នាក់ដឹកនាំ, មន្ត្រីរាជការ, កងកម្លាំង, បុគ្គលិករដ្ឋបាលគ្រប់លំដាប់ថ្នាក់, ទីក្រុងសម្ព័ន្ធមេត្រី, អង្គការសង្គមស៊ីវិល, ដៃគូអភិវឌ្ឍន៍, សប្បុរសជន, វិស័យឯកជន និង បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

លោកឃួង ស្រេង ក្នុងឱកាសនោះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនចំពោះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួង-ស្ថាប័ន, ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន, ទីក្រុងសម្ព័ន្ធមេត្រី, អង្គការសង្គមស៊ីវិល, ដៃគូអភិវឌ្ឍន៍, សប្បុរសជន និងវិស័យឯកជនទាំងអស់ ដែលបានផ្តោតការយក ចិត្តទុកដាក់ខ្ពស់ និងផ្តល់ការឧបត្ថម្ភគាំទ្រ ជាប់ជាប្រចាំដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចូលរួមអនុវត្តការងារក្នុងឆ្នាំ កន្លងមក ឱ្យប្រព្រឹត្តទៅដោយជោគជ័យ ពុះពារជម្នះបាននូវរាល់ការលំបាកស្មុគស្មាញ ឧបសគ្គរាប់មិនអស់ ពីដំណាក់កាល មួយទៅដំណាក់កាលមួយ ជាពិសេសការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ កន្លងទៅ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកឃួង ស្រេងបាន មានប្រសាសន៍ថាបន្ត៖ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយរក្សាបានសន្តិសុខ-សណ្ដាប់ធ្នាប់ សាធារណៈល្អជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសព្រហ្មទណ្ឌកើតមាន ៣២៨/៦៥៤ លើក ថយចុះ ៣២៦ លើក ស្មើនឹង ៤៩,៨%ក្នុងនោះ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការ បង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន ៣១១ ករណី ស្មើនឹង ៩៤,៨% នៃចំនូនបទល្មើសរួម ដែលនេះ បង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ, សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើស កាន់តែមានប្រសិទ្ធភាព។ ចំពោះគ្រោះថ្នាក់ចរាចរណ៏វិញ ក៏មានការថយចុះប្រមាណ ៤៣,២% បើប្រៀបធៀបនឹងឆ្នាំ២០២០ ខណៈអ្នកស្លាប់ និងអ្នករបួស ក៏មានការថយចុះគួរឱ្យកត់សម្គាល់ ។ ប៉ុន្តែបន្ទាប់ពីការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ អត្រានេះបានហក់ស្ទុះឡើងវិញ គួរឱ្យព្រួយបារម្ភ ស្របពេលដែលបទល្មើសគ្រឿងញៀនក៏នៅតែជា ក្តីកង្វល់រួមរបស់ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ដែលចាំបាច់ត្រូវតែបន្តយកចិត្តទុកដាក់រួមគ្នា។

លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរ នៅក្នុងឆ្នាំ២០២១កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តវិធានការរដ្ឋបាល ដោយចុះរុះរើប៊ែលចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្ល បានចំនួន ១.៧៤១ ទីតាំង នៅក្នុងភូមិសាស្ត្រខណ្ឌចំនួន ៥ ជាប់ដងទន្លេ ធ្វើឱ្យផ្ទៃទន្លេក្នុងរាជធានីភ្នំពេញ មាន សោភ័ណភាពល្អឡើងវិញ រក្សាបាននូវអនាម័យ-បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះគុណភាពទឹក និងចូលរួមលើកកម្ពស់ វិស័យទេសចរណ៍ អោយកាន់តែល្អប្រសើរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង