ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ក្រើនរំឭកដល់យុវជន-យុវនារីកម្ពុជាឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏រឹងមាំ ប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់ឱកាសបន្តវេនក្នុងការចូលរួមចំណែកកសាងសង្គមជាតិ

223

 

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងបែបនេះនៅក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលអគារសិក្សានៃគ្រឺះស្ថានសិក្សាចំនួន ០៣ សាលាបឋមសិក្សា-អនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដង្កោ សាលាបឋមសិក្សាស្ពានថ្ម ខណ្ឌដង្កោ និងសាលាបឋមសិក្សាព្រែកប្រាក្រោម ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនៅព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានចូលរួមក្នុងពិធីនោះដែរ។

ក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអបអរសាទរ ចំពោះដំណើរទៅមុខដែលកើតចេញ ពីការរួមគ្នាកសាងថ្នាលបណ្តុះបណ្តាល គ្រាប់ពូជនៃធនធានមនុស្ស ដ៏សំខាន់ សម្រាប់ប្រទេសកម្ពុជា ដែលគ្រាប់ពូជទាំងនេះ នឹងលូតលាស់ធំធាត់រីកដុះដាលសាយភាយទាំងក្នុង និងក្រៅប្រទេស និងសូមបន្តក្រើនរំឭកផងដែរ ដល់យុវជន-យុវនារីកម្ពុជា ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យបានខ្ពង់ខ្ពស់ ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏រឹងមាំ ប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់ឱកាសបន្តវេនក្នុងការចូល រួមចំណែកកសាងសង្គមជាតិ និងជាគំរូវីរភាពពីមួយ ជំនាន់ទៅមួយជំនាន់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ ក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស ដែលបាននិងកំពុងយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព ជាពិសេសបានចូលរួម យ៉ាងសកម្មក្នុង ការប្រយុទ្ធនឹងជំងឺកូវី-១៩ រហូតបានទទួលជោគជ័យគួរជាទីមោទនៈ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសូមគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាល តែងបានយកចិត្តទុកដាក់ គិតគូរជាអាទិភាព ដល់វិស័យអប់រំ និងការបណ្តុះធនធានមនុស្សនៅកម្ពុជា តាមរយៈការជួយ ឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីកសាងសាលារៀនទូទាំងប្រទេស ប្រយោជន៍ក្នុងការផ្តល់ ឱកាសឱ្យកូនចៅប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ក្នុងការក្រេបជញ្ជក់យក ចំណេះវិជ្ជា ដើម្បីអភិវឌ្ឍខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា៖សម្តេចតេជោ បានយកការសង្គ្រោះ អាយុជីវិតប្រជាពលរដ្ឋជាកត្តាចម្បង ដែលសក្ខីភាពនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ តាមរយៈជោគជ័យនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩។ ទោះបីស្ថានការណ៍នៃសង្រ្គាមកូវីដ-១៩នេះ មិនទាន់ចប់ក៏ពិតមែន ប៉ុន្តែយើងអាចគ្រប់គ្រង បញ្ហាដែលទាក់ទិននឹងជំងឺនេះ ដោយសម្តេចបានការពារ អាយុជីវិតរបស់ ប្រជាពលរដ្ឋពីការស្លាប់ ដោយសារជំងឺរាតត្បាតសាកលនេះ តាមរយៈការកៀគរស្រោចស្រព វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋខ្មែរ និងបរទេសនៅ ទូទាំងផ្ទៃប្រទេស ដើម្បីធ្វើជាខែល និងជាអាវក្រោះដ៏រឹងមាំប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលយ៉ាងត្រចះត្រចង់។ ទន្ទឹមនឹងនេះ កត្តាជោគជ័យក្នុងទិដ្ឋភាពមួយទៀត គឺស្តែងឡើងតាមរយៈការជឿទុកចិត្តមកលើ សម្តេចតេជោនាយករដ្ឋមន្ត្រី ពីសំណាក់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់នៅពេញ ផ្ទៃប្រទេស ដោយម្នាក់ៗបានចូលរួមចាក់វ៉ាក់សាំងសម្រាប់ការពារខ្លួន ការពារក្រុមគ្រួសារ និងសហគមន៍ បានគ្រប់ៗគ្នា។ ប្រសិនបើយើងក្រទ្បេកទៅមើល ទង្វើរបស់អ្នកនយោបាយអគតិ ជ្រុលនិយមមួយចំនួនវិញ គឺពួកគេមិនបានធ្វើអ្វី ក្រៅតែពីការព្យាយាមឆក់ យកឱកាសនេះបញ្ចុះបញ្ចូល បំភ្លៃការពិត និងធ្វើការឃោសនាអុជអាល រកលេសចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា តាមគ្រប់រូបភាពយ៉ាង ងងឹតងងុល ដោយគ្មានសកម្មភាពណាមួយ ដែលជួយជាប្រយោជន៍ ដល់ប្រជាជន និងប្រទេសជាតិឡើយ៕

អត្ថបទដែលជាប់ទាក់ទង