ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចប្រធានអាស៊ានឆ្នាំ២០២២ អះអាងថា មកដល់ពេលនេះ មិនទាន់មានការឯកភាពគ្នា ចំពោះពេលវេលា នៃការប្រជុំពិសេសអាស៊ាន-អាមេរិក នៅឡើយទេ

182

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានអះអាងថា រហូតដល់ពេលនេះមិនទាន់មានការឯកភាពគ្នា ចំពោះពេលវេលា នៃការប្រជុំពិសេសអាស៊ាន-អាមេរិក នៅឡើយទេ ដោយសារសមាជិកអាស៊ាន មួយចំនួន ចង់ឱ្យដូរពេលវេលា។

ការបញ្ជាក់បស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី សេតវិមានប្រធានាធិបតី សហរដ្ឋអាមេរិក បានប្រកាសថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលអាមេរិកធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើង នៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ខាងមុខនេះ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ាន-អាមេរិក មិនទាន់ឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសរវាងអាស៊ាន និងអាមេរិកនៅឡើយ ដោយក្នុងនោះ មានប្រទេសអាស៊ានចំនួន៣ ស្នើឱ្យប្តូរពេលវេលា។

សម្តេចតេជោបានបញ្ជាក់ដូច្នេះថា៖ «ប៉ុន្តែក្នុងពេលដែលប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលមិនទាន់ បានសម្របសម្រួលពេលវេលា នៅឡើយទេ ឥឡូវមេដឹកនាំអាស៊ានជាច្រើន ទាមទារឱ្យមានការប្រជុំ នៅថ្ងៃទី២៦-២៧ (ខែមីនា) ហើយខាងសហរដ្ឋអាមេរិកបញ្ជាក់ថា ថ្ងៃទី២៦-២៧ សហរដ្ឋអាមេរិក មិនអាចទទួលពេលវេលានោះបានទេ ឯមេដឹកនាំអាស៊ាន៣ថា មិនអាចចូលរួមប្រជុំ នៅថ្ងៃទី២៦-២៧ បានទេ អញ្ចឹងវានៅខុសគ្នា»។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យមន្រ្តីរបស់សម្តេចបម្រុង ទុកសម្រាប់កម្មវិធីសម្តេចនៅ ក្នុងប្រទេសកម្ពុជា ដោយយកថ្ងៃទី២៨ ខែមីនា ប្រសិនបើកិច្ចប្រជុំអាស៊ានអាមេរិក ត្រូវលើកពេលមិនអាចរៀបចំ នៅថ្ងៃនេះបាន។

សម្តេចតេជោ សង្ឃឹមថា អាស៊ាន-អាមេរិកនឹងរកបាននូវ ពេលវេលាសមស្របតាមការ សម្រុះសម្រួលគ្នា ប៉ុន្តែសម្រាប់សម្តេច គឺស្វាគមន៍នៅ ពេលវេលាណាមួយក៏បាន លើកលែងតែចាប់ពីពាក់កណ្តាល ខែឧសភា រហូតដល់ពាក់ កណ្តាលខែមិថុនា ឆ្នាំនេះ ដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលសម្តេចមិន អាចចេញទៅក្រៅប្រទេសបាន៕

អត្ថបទដែលជាប់ទាក់ទង