ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងអូស្រ្តាលី ផ្លាស់ប្តូរយោបល់ និងពិភាក្សាលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម

27

 

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ ក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា និងសហការី ដើម្បីផ្លាស់ប្តូរយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។

ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្រ្ដី បានស្វាគមន៍ចំពោះ ឯកអគ្គរាជទូត និងសហការី ព្រមទាំងបានផ្តាំផ្ញើសេចក្តីថ្លែងអំណរគុណជូន ឯកឧត្តម Dan Tehan រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងឱកាសកម្ពុជា ធ្វើជាប្រធានអាស៊ាន ឆ្លាស់វេនឆ្នាំ២០២២។

ជាមួយគ្នានេះ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លោករដ្ឋមន្រ្ដី បានជម្រាបជូនអំពីវឌ្ឍនភាព នៃការចរចាលើការធ្វើឱ្យប្រសើរឡើង នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA Upgrade) ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverable) មួយក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដទៃទៀត របស់កម្ពុជាសម្រាប់ឆ្នាំ២០២២ ដែលស្ថិតក្រោមគោលដៅយុទ្ធសាស្ត្រគន្លឹះទី៤ ស្តីពីសាកលភាវូបនីយកម្មអាស៊ាន ដើម្បីភាពរីកចម្រើន និងអភិវឌ្ឍន៍។

ក្នុងនោះ លោករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់លើការជំរុញ និងពន្លឿនការចរចា លើបញ្ហាដែលនៅសេសសល់ ដើម្បីបញ្ចប់ការចរចា និងធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀង AANZFTA ឱ្យបានទាន់ពេលវេលា តាមការគ្រោងទុក។

បន្ថែមពីនេះ លោករដ្ឋមន្រ្ដី ក៏បានបានជម្រាបផងដែរអំពី វឌ្ឍនភាពនៃដំណើរការស្នើសុំ ចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) របស់ទីម័រខាងកើត (Timor-Leste)។

ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអាទិភាព សេដ្ឋកិច្ច្កម្ពុជាបានស្នើឡើង ដែលបានឆ្លុះបញ្ចាំងអំពីការឆ្លើយតបទៅនឹងការវិវត្តសកល ជាពិសេស ឯកឧត្តម បានចាត់ទុកការបញ្ចប់ការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀង AANZFTA ជាកិច្ចការអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន អូស្ត្រាលី និងនូវែលហ្សេឡង់ ក្នុងឆ្នាំ២០២២។

ទន្ទឹមនឹងនេះ លោកឯកអគ្គរាជទូត ក៏បានបញ្ជាក់ពីការបន្តគាំទ្ររបស់អូស្រ្តាលី ចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២ និងប្តេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា សំដៅសម្រេចបាននូវសមិទ្ធផលអាទិភាពកម្ពុជាប្រកបដោយជោគជ័យ ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពរឹងមាំ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនអំពីវឌ្ឍនភាព ដ៏ល្អប្រសើរក្នុងកិច្ចសហប្រតិបត្តិលើវិស័យការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ ដែលក្នុងនោះ អូស្រ្តាលី នឹងបន្តគាំទ្រដល់កិច្ចការកសាងសមត្ថភាព និងបច្ចេកទេសដល់មន្រ្តីក្រសួងពាណិជ្ជកម្ម លើកិច្ចការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ ព្រោះវាជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ ដល់ការធ្វើឱ្យប្រសើរទ្បើង បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរ បានកតស់ម្គាល់លើការរីកចម្រើន នៃពាណិជ្ជកម្មទ្វេភាគី និងប្តេជ្ញាបន្តជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសការខិតខំប្រឹងប្រែងស្តារឡើងវិញ លើគ្រប់វិស័យក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង