ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះធុងហ្គាស ឆេះសិប្បកម្មកាត់ដេរខោអាវមួយ បំផ្លាញអស់សម្ភារ

57

ភ្នំពេញ៖ មានអគ្គិភ័យមួយបានឡើងដោយសារតែធ្លាយធុងហ្គាស បណ្តាលឆាបឆេះសិប្បកម្មកាត់ដេរខោអាវមួយកន្លែង ព្រមទាំងបមផ្លាញសម្ភារអស់មួយចំនួន នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុច សិប្បកម្មកាត់ដេរខោអាវមួយកន្លែង ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ប្រាប់ឱ្យបណ្តាញព័ត៌មានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមកថា មានអគ្គិភ័យកំពុងឆាបឆេះ សិប្បកម្មកាត់ដេរខោអាវ ភ្លាមៗនោះ លោកក៏បានបញ្ជាទៅ កម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅ ទីតាំងសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។

ដោយនៅក្នុងនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាទៅគោលដៅ ប្រចាំការនៅសាលាខណ្ឌសែនសុខ ជួយចេញរថយន្តពន្លត់អគ្គិភ័យ ២គ្រឿងបន្ថែមទៀត ដើម្បីជាជំនួយជួយដល់ ទីតាំងដែលកំពុងតែឆាបឆេះនេះ។

លោកវរសេនីយ៍ឯក បានបន្តថា ដោយនៅក្នុងរង្វង់ប្រតិបត្តិការ អន្តរាគមន៍ជួយសង្គ្រោះនេះ គឺកម្លាំងជំនាញរបស់យើង បានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង។

លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ចំពោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញ ថ្មប្រក់សង័សី ដែលមានទំហំ ៦ម៉ែត្រ គុណ១៦ម៉ែត្រ និងបណ្តាលឆេះខូចខាត សម្ភារៈរួមមាន ម៉ាស៊ីនដេរចំនួន ១០គ្រឿង, ទូរទស្សន៍ ១គ្រឿង, ទូរទឹកកក ១គ្រឿង, ធុងហ្គាស ១ធុង, ក្រណាត់មួយចំនួន និងពុំបណ្តាលឲ្យឆេះ រាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

យ៉ាងណាមិញសម្រាប់ប្រតិបត្តិការនេះ គឺសមត្ថកិច្ចជំនាញរបស់យើង បានធ្វើការគ្រងគ្រង បាននៅវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃដដែរ។ សម្រាប់គ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឱ្យអ្នកម្នាក់រងគ្រោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង