ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចបាន៩៨ទៅ៩៩ភាគរយហើយ ៥ថ្ងៃទៀតនឹងរួចរាល់ ដើម្បីដាក់អោយប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន

62

 

ភ្នំពេញ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩៨ទៅ៩៩ភាគរយហើយ ពោលគឺនៅតែរយៈពេល៥ថ្ងៃទៀតប៉ុណ្ណោះនឹងរួចរាល់ជាស្ថាពរ ដើម្បីដាក់អោយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញដឹកនាំមន្ត្រីជំនាញ ក៏ដូចជាក្រុមហ៊ុនទទួលម៉ៅការ សាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីនេះ ក្នុងការចុះពិនិត្យស្ថានភាព ជាក់ស្តែងនៅរសៀលថ្ងៃទី១៤ខែ មីនាឆ្នាំ២០២២ ។
ការចុះពិនិត្យស្ថានភាព ជាក់ស្តែងនេះ របស់លោកឃួង ស្រេង គឺដើម្បីជំរុញការងារ ដែលនៅសេសសល់ឲ្យបានរួចរាល់ក្នុងរយៈពេល ០៥ថ្ងៃ ទៀតដើម្បីសុំគោលការណ៍ បើកប្រើប្រាស់ជាបណ្ដោះអាសន្ន និងពិនិត្យមើលស្ថានភាពនៃការដាក់ ទីតាំងវេទិកាបើកសម្ពោធ ស្ពានអាកាសនេះ ជាផ្លូវការក្រោមអធិបតីភាព សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន នាពេលខាងមុខ។ ប៉ុន្តែលោកអភិបាលរាជធានីភ្នំពេញ មិនបានបញ្ជាក់ថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវសមិទ្ធិផលថ្មីខាងលើនេះ នឹងធ្វើឡើងនៅថ្ងៃណានោះទេ។

លោកឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា៖ ស្ពានអាកាសនិងផ្លូវក្រោមដី នៃរង្វង់មូលចោមចៅ ការដ្ឋានទាំងមូលបាន សម្រេចប្រមាណ៩៨ទៅ៩៩ភាគរយហើយ ពោលគឺនៅតែរយៈពេល៥ថ្ងៃទៀត ការដ្ឋានមួយនេះនឹងស្ថាបនាបានរួចរាល់ ហើយរដ្ឋបាលរាជធានី គ្រោងនឹងសុំគោលការណ៍ទៅសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកអោយដំណើរការជាបណ្ដោះអាសន្ន ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បាន ហើយនៅពេលវេលាដ៏សមគួរមួយ
រដ្ឋបាលរាជធានីភ្នំពេញ និងសុំគោលការណ៍ សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រី ដើម្បីអញ្ជើញសម្តេចតេជោ ជាអធិបតីភាព បើកសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៃស្ពានអាកាសថ្មី នៅរង្វង់មូលចោមចៅនេះជាផ្លូវការតែម្តង។
លោកឃួង ស្រេងក៏បានបញ្ជាក់ពី ភាពយឺតយ៉ាវបណ្តាល មកពីបញ្ហាជម្ងឺកូវីដ-១៩ផងដែរ ដែលធ្វើអោយកម្មករក៏ដូចជា អ្នកទទួលការសាងសង់នអូសបន្លាយពេល ប៉ុន្តែទោះបីជាយ៉ាងណាក្តី ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នឹងអាចអោយប្រជាពលរដ្ឋបាន ឆ្លងកាត់ជាបណ្តោះអាសន្ននៅ ប៉ុន្មានថ្ងៃខាងមុខនេះហើយ។

គួរបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល៣០ខែនិងចំណាយ ថវិការសាងសង់ប្រមាណ២២លានដុល្លាអាមេរិក។
ផ្អែកតាមលក្ខណៈបច្ចេកទេស របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះ ត្រូវសាងសង់ ដោយបែងចែកជា៣ផ្នែកគឺ ស្ពានទី១ ជាស្ពានអាកាសមេតភ្ជាប់ ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមាន ចរាចរពីរគន្លងទៅនឹងពីរគន្លង មកជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាច ចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។

ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ទទឹង៨,៥ម៉ែត្រ ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ ។

ស្ពាននឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។គួរបញ្ជាក់ទៀតថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការ សាងសង់ជាផ្លូវការ កាលថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន៕

   

អត្ថបទដែលជាប់ទាក់ទង