ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ពោធមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសមៈ នៅថ្ងៃទី២១ ខែមីនា , បញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវ ២ ខ្សែ

39

 

ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខាដោយ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៥:០០នាទី ក្រសួងសុខាភិបាល និងមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិនព្រះកុសមៈ នឹងរៀបចំពិធីសម្ពោធមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសមៈ ដែលស្ថិតនៅភូមិ១២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ជូនដំណឹងស្ដីពី ការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវ ២ ខ្សែ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរណ៍ និងផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី រហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់ មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចាប់ពីស្ពានអាកាស ៧មករា ដល់វិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) និងកំណាត់ផ្លូវលេខ២៦៥ ចាប់ពីមហាវិថីកម្ពុជាក្រោម (ផ្លូវលេខ១២៨) ដល់វិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២)។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើ មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើ ដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕

 

អត្ថបទដែលជាប់ទាក់ទង