ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើត្រូវសិក្សាលើចំណុចអ្វីខ្លះ ដើម្បី​ជៀស​វាងកុំ​ឲ្យ​ទិញ​ប៉ះចំ​ដី​ដែល​មានជម្លោះ ឬ​វិវាទ​​?

84

ភ្នំពេញ ៖ តើកន្លងមកអ្នកធ្លាប់ទិញប៉ះចំដីធ្លីដែលមានជម្លោះ ឬវិវាទដែរឬទេ?​​ នៅកម្ពុជាយើង ការចុះបញ្ជីអចលនទ្រព្យប្រភេទដីធ្លីនៅតែមានបញ្ហាច្រើន ដោយប្រជាពលរដ្ឋមួយចំនួនកាន់កាប់ដីធ្លីដោយគ្មានលិខិតបញ្ជាក់កម្មសិទ្ធិ និងខ្លះទៀតកាន់កាប់ដោយខុសច្បាប់។ ក៏ព្រោះតែភាពមិនច្បាស់លាស់ តែងតែបង្កឱ្យមានរឿងក្ដីក្ដាំង ឬវិវាទរវាងអ្នកទិញ និងលក់អចលនទ្រព្យ ដូច្នេះហើយដើម្បីជៀសវាងកុំ​ឲ្យ​ទិញ​ប៉ះចំ​ដី​ដែល​មានជម្លោះ ឬវិវាទ អ្នកទិញគួរតែប្រុងប្រយ័ត្នមុននឹងចុះកិច្ចសន្យាជាមួយអ្នកលក់។

មុន​នឹង​ចាប់​ផ្តើម​ចុះ​កិច្ច​សន្យា តើ​ត្រូវ​ពិចារណាលើ​ចំណុច​ណា​ខ្លះ ដើម្បី​ជៀស​វាង​ការ​ទិញ​ដីដែល​មានជម្លោះ ឬវិវាទ? ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់​ចំនួន​៤ ​ដែល​ត្រូវ​ពិចារណា​មុន​នឹង​ចុះ​កិច្ចសន្យា​ទិញ​ដី។

ប្រភេទបណ្ណកាន់កាប់របស់ម្ចាស់ដី

អ្នកទិញត្រូវពិនិត្យមើលថាតើបណ្ណកម្មសិទ្ធិកាន់កាប់ដីរបស់ម្ចាស់ដីគឺជាប្លង់ទន់ ឬរឹង។ បើ​ជា​ប្លង់រឹង មានន័យថា ម្ចាស់​ដី​មាន​កម្មសិទ្ធិ​ពេញលេញ​លើ​ដី​ដែល​មានការ​ទទួលស្គាល់​ពីថ្នាក់ជាតិដោយស្របច្បាប់​។​ ការមានបណ្ណកាន់កាប់ដីប្រភេទនេះ កាន់តែមានភាពជឿជាក់សម្រាប់អ្នកទិញ ព្រោះអ្នកអាចដឹងពីទំហំដី ទីតាំងដី និងឈ្មោះម្ចាស់ដី។

តែបើជាប្លង់ទន់ មានន័យថា ម្ចាស់ដីគ្រាន់តែកាន់កាប់ដីស្របច្បាប់ មានសិទ្ធិលក់ ប៉ុន្តែមិនមានកម្មសិទ្ធិពេញលេញលើដីនោះទេ។ ដីនេះត្រូវបានទទួលស្គាល់ត្រឹមថ្នាក់ឃុំ ឬសង្កាត់ប៉ុណ្ណោះ។ ក្នុង​ករណី​នេះ អ្នក​ទិញ​គួរ​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន​មុន​នឹង​ទិញ​ដី។

ស្ថានភាពដីធ្លី

បន្ទាប់ពីបានដឹងច្បាស់អំពីប្រភេទបណ្ណកាន់កាប់ដីថាជាប្លង់ទន់ ឬរឹង អ្នកទិញគួរតែមើលជុំវិញដីធ្លីនោះ ដើម្បីពិនិត្យមើលថាតើមានដីផ្សេងទៀតដែលមានរបង ឬព្រំប្រទល់ច្បាស់លាស់នៅជាប់ដីដែរឬទេ។ បើ​ឃើញ​ថា​ដី​នោះ​គ្មាន​ព្រំដែន​ទេ ចាំបាច់​ត្រូវ​វាស់​ដី​កំណត់​ព្រំដែន​ឲ្យ​ច្បាស់លាស់​មុន​នឹង​ចុះ​កិច្ចសន្យា។ ហើយការវាស់វែងដីត្រូវធ្វើដោយមានវត្តមានអាជ្ញាធរសុរិយោដី។

បន្ទុកលើដីធ្លី

ត្រង់ចំណុចនេះ អ្នកត្រូវពិនិត្យមើលថាតើដីធ្លីនោះត្រូវបានដាក់ជាអចលនទ្រព្យបញ្ចាំធានាបំណុល ឬ​ដីនោះគឺជាកម្មវត្ថុជាប់បណ្តឹងតុលាការដែលត្រូវរឹបអូសឬទេ។ ប្រសិនបើបែបនេះ មុនអ្នកសម្រេចចិត្តទិញ អ្នកគួរតែទាមទារឱ្យមាននីតិវិធីតាមផ្លូវច្បាប់មួយ ដើម្បីធ្វើការដោះស្រាយឱ្យបានដាច់ស្រេច មុនឈានដល់ការចុះកិច្ចសន្យាទិញលក់។

ដីជាចំណីផ្លូវ ឬ​ប្រើ​សម្រាប់​អភិវឌ្ឍន៍

ដោយសារកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ ដូចនេះហើយទើបការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគឺជាអាទិភាពចម្បងគេ។ ដូច្នេះ​មុន​នឹង​ទិញ​ដី អ្នក​ត្រូវ​ពិនិត្យ​មើល​ថា​តើ​វា​នឹង​ត្រូវ​កាត់​សម្រាប់​​​គម្រោង​របស់​រដ្ឋាភិបាល​ នៃការ​អភិវឌ្ឍ​ផ្លូវ​នា​ពេល​អនាគត​ឬ​ទេ។ បើ​កាត់​ដី​សម្រាប់​អភិវឌ្ឍ​ផ្លូវ តើ​ដី​នោះនឹង​ប៉ះពាល់​ដល់​កម្រិត​ណា?

បន្ទាប់ពីអ្នកវិភាគយ៉ាងល្អិតល្អន់អំពីចំណុចទាំងបួនខាងលើ អ្នកនឹងមិនមានកំហុសឆ្គង ឬមានមានអារម្មណ៍សោកស្តាយ ក្រោយពេលចុះកិច្ចសន្យាទិញដីដែលអ្នកពេញចិត្តនោះទេ។

តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍន៍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property និងកម្មវិធីទូរសព្ទដៃដោយសរី៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633
WeChat: HB066886633

 

អត្ថបទដែលជាប់ទាក់ទង