ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីផ្សារអចលនទ្រព្យកម្ពុជាឆ្នាំ២០២១ និងចក្ខុវិស័យឆ្នាំ២០២២

82

ភ្នំពេញ ៖ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ ទ្រង់ទ្រាយធំនៅកម្ពុជាក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ វិស័យអចលនទ្រព្យស្ថិតក្នុងចំណោមវិស័យដែលងាយរងគ្រោះបំផុត ហើយឧស្សាហកម្មនៅតែបន្តរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារជំងឺដ៏កាចសាហាវរហូតមកដល់បច្ចុប្បន្ន។ទោះជាយ៉ាងណាក៏ដោយ​ រដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញនៅក្នុងខែវិច្ឆិកាឆ្នាំនេះ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ ដោយសង្ឃឹមថាវិនិយោគគិនបរទេសនឹងត្រឡប់មកបណ្តាក់ទុន និងធ្វើឱ្យវិស័យនេះរីកចម្រើនម្តងទៀត។

DCIM100MEDIADJI_0048.JPG

អ្នកស្រី តាំង ហួរ អគ្គនាយិការក្រុមហ៊ុន Amatak Property Service Co.,Ltd. មានប្រសាសន៍ថា៖ «បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា រយៈពេល ២ឆ្នាំ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ វិស័យអចលនទ្រព្យបានបង្ហាញពីសញ្ញានៃការលក់យឺតស្ទើរតែគ្រប់ផ្នែកក្នុងវិស័យមួយនេះ​​ ​​ជាពិសេសខុនដូលំដាប់ខ្ពស់ ដែលត្រូវពឹងផ្អែកខ្លាំងលើអតិថិជនពីបរទេស »។

អ្នកស្រីបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ អចលនទ្រព្យដីធ្លី និងលំនៅឋានតម្លៃសមរម្យដែលមានតម្លៃចន្លោះពី ៥០,០០០ ដុល្លារ ទៅ ៨០,០០០ ដុល្លារ នៅតែដំណើរការល្អក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ ដោយសារតែអ្នកអភិវឌ្ឍន៍ផ្តោតលើអតិថិជនក្នុងស្រុកភាគច្រើន ដែលមានតម្រូវការអចលនទ្រព្យប្រភេទទាំងនេះ។

ទន្ទឹមនឹងនេះ ប្រជាជនកម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ស្ទើរតែទូទាំងប្រទេស ជាមួយការបើកប្រទេសឡើងវិញទៀតនោះ អ្នកស្រី តាំង ហួរ ជឿជាក់ថា អចលនទ្រព្យដីធ្លី និងលំនៅឋានតម្លៃសមរម្យនឹងបន្តដំណើរការល្អនៅឆ្នាំ២០២២។​​

លើសពីនេះ ដោយសារកិច្ចសហប្រតិបត្តិការរបស់អ្នកអភិវឌ្ឍន៍ជាមួយធនាគារភាគច្រើន បានផ្តល់រយៈពេលទូទាត់ដែលអាចបត់បែនបាន និងរយៈពេលទូទាត់យូរជាងមុនចំពោះ អតិថិជនក្នុងស្រុក។ ក្រៅ​ពី​នេះ គម្រោង​ខុនដូ​ដែល​មាន​តម្លៃ​សមរម្យ​ដែល​មាន​តម្លៃ​ចន្លោះ​ពី ៥ម៉ឺន​ដុល្លារ ទៅ ១០ម៉ឺន​ដុល្លារ ក៏​នឹង​មាន​ឱកាស​ជោគជ័យ​ខ្ពស់​ក្នុង​ឆ្នាំ ២០២២ នេះផងដែរ។

ជាមួយគ្នានេះ លោក អ៊ា ចរិយា អគ្គនាយកក្រុមហ៊ុន AP Real Estate មានប្រសាសន៍ថា នៅឆ្នាំ២០២០ និង២០២១ អ្នកដែលបានទិញដីសង្ឃឹមថានឹងលក់បន្តបានប្រាក់ចំណេញ ទទួលរងខ្លាំងបំផុតពីផលប៉ះពាល់ដ៏អាក្រក់នៃជំងឺរាតត្បាតកូវីដ-១៩ ក៏ព្រោះយើងមិនអាចទស្សន៍ទាយដឹងមុនបានថានៅពេលណាសេដ្ឋកិច្ច និង​វិស័យ​អចលន​ទ្រព្យ​ត្រឡប់​ទៅដូចដើមវិញ​មុន​សម័យមានវិបត្តិជំងឺដ៏កាច់សាហាវនេះ។

អនាគតនៅតែមិនប្រាកដប្រជា ហើយវាអាស្រ័យលើស្ថានភាពកូវីដ នៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោកថាតើនឹងប្រសើរឡើងឬអត់។ លោកបា​ន​បន្ថែម​ថា ប្រសិន​បើ​ស្ថានការណ៍​ប្រសើរ​ឡើង វិនិយោគគិន​បរទេស​អាច​នឹង​ត្រឡប់​មក​វិញ ហើយ​វិស័យ​ខុនដូ​ទំនង​ជា​មាន​ការ​លក់​ច្រើន​ជាង​នេះ។

នៅឆ្នាំ២០២២នេះ លោកជឿជាក់ថាទីផ្សារលំនៅឋាននៅជាយក្រុងភ្នំពេញនឹងមានតម្រូវការខ្ពស់ដោយសារតែការពង្រីកទីក្រុងរួមជាមួយនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវជាតិ និងផ្លូវក្រវ៉ាត់ក្រុង។ នាពេលអនាគត ចំពោះគ្រួសារដែលមានចំណូលទាប និងមធ្យមភាគច្រើនមិនអាចមានលទ្ធភាពទិញផ្ទះថ្លៃៗនៅកណ្តាលទីក្រុងទៀតទេ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុករវាង Construction & Property និងលោកបណ្ឌិត គីម ហ៊ាង​ អគ្គនាយកក្រុមហ៊ុន KW Cambodia មិនបានរំពឹងថាទីផ្សារនឹងងើបឡើងវិញដល់កម្រិតឆ្នាំ២០១៩ នៅឡើយទេ។ លោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា​ នៅក្នុងឆ្នាំ២០២២ និងតទៅមុខទៀត ថាតើទីផ្សារអចលនទ្រព្យនឹងងើបឡើងវិញឬអត់ គឺអាស្រ័យលើកត្តាសំខាន់ៗចំនួនបី ជាមួយនឹងភាពមិនប្រាកដប្រជា។

«​សម្រាប់​ពេល​អនាគតមិនទាន់​មាន​ភាព​ប្រាកដ​ប្រជា​អ្វី​ទាំង​អស់​។ ហើយការបើកប្រទេសឡើងវិញគឺជាសញ្ញាល្អ។ យ៉ាងណាមិញ ប្រសិនបើវិនិយោគិនបរទេស ដែលជាកត្តាសំខាន់ទី១ មិនត្រឡប់មកវិញនោះទេ ទីផ្សារនឹងនៅទ្រឹងដូចបច្ចុប្បន្ន ដោយសារទីផ្សារក្នុងស្រុកមានទំហំតូចនៅឡើយ»។

«ខ្ញុំមិនរំពឹងច្រើនក្នុងឆ្នាំ២០២២​ ​នេះទេ​ ហើយខ្ញុំក៏មិនរំពឹងថានឹងមានវិនិយោគគិនថ្មីមកនោះដែរ។ គ្រាន់តែធ្វើឱ្យអ្នកដែលបានវិនិយោគដែលបានចាកចេញក្នុងអំឡុងពេលមានជំងឺរាតត្បាតត្រឡប់មកវិញ គឺជាអ្វីដែលល្អបំផុតដែលយើងអាចធ្វើបាន »។​​

ក្រៅពីវិនិយោគិនបរទេស ប្រភពដើមទុនពីរផ្សេងទៀតដែលនឹងជួយចាប់ផ្តើមទីផ្សារពិតប្រាកដ គឺអ្នកមានខ្មែរនៅក្រៅប្រទេស និងសេដ្ឋីក្នុងស្រុក។

«ក្នុង​ពេល​លំបាក​បែប​នេះ ខ្ញុំ​ចង់ឲ្យប្រជាជនខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រទេសដែល​ធូរធារអាចពិចារណា​ដាក់​ទុនវិនិយោគ​នៅក្នុងប្រទេស​កម្ពុជាយើង។ ប្រសិន​បើ​ពួកគាត់មកវិនិយោគនៅក្នុងស្រុក ទីផ្សារ​នឹង​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​ក្រោយ ដោយសារតែយើងនឹង​មាន​លំហូរ​សាច់​ប្រាក់​ក្នុង​ស្រុកឡើងវិញ»។

ទន្ទឹម​នឹង​នេះ អ្នក​មាន​ក្នុង​ស្រុក​ក៏​គួរ​បន្ត​វិនិយោគ​បន្ថែម​ទៀត​ដើម្បី​រក្សា​តុល្យភាពទីផ្សារ​មួយនេះនៅបន្តទៅមុខ។ លោកបានបន្ថែម ដោយបានថ្លែងអំណរអរគុណចំពោះការអភិវឌ្ឍន៍ក្នុងស្រុក​ នៃអនុវិស័យអចលនទ្រព្យដូចជាដីធ្លី និងបុរី ដែលបានដំណើរការយ៉ាងល្អ ទោះបីជាក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដក៏ដោយ»។

តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍន៍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property និងកម្មវិធីទូរសព្ទដៃដោយសរី៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633
WeChat: HB066886633

អត្ថបទដែលជាប់ទាក់ទង