ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាអ្នកជឿលើព្រហ្មលិខិត សម្តេចតេជោ បញ្ជាក់ថា សម្តេចមិនប្រាថ្នា ធ្វើជានាយករដ្ឋមន្រ្តីទៀតទេ

195

 

ភ្នំពេញ ៖ ក្នុងនាមជាអ្នកជឿលើព្រហ្មលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចមិនប្រាថ្នា ធ្វើជានាយករដ្ឋមន្រ្តីទៀតទេ។ ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៥១ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា ខ្ញុំថ្ងៃមុន ដូចជាភ្ញាក់ផ្អើលបន្តិចដែរ នៅពេលដែលនាយករដ្ឋមន្រ្តីជប៉ុន គាត់ជឿព្រហ្មលិខិតដែរ ពេលដែលបាយជាមួយគ្នា និយាយគ្នាលេងដោយគាត់ជឿថា ព្រហ្មលិខិតតម្រូវឱ្យយើងមកធ្វើអញ្ចឹង។

សម្តេចថ្លែងថា ប្រាថ្នាទៅជាតិក្រោយ ឋាននរកក៏មិនទៅ ឋានលើក៏មិនទៅ សុខចិត្តនៅឋានកណ្តាលហើយ។ សម្តេចលើកឡើងថា ប្រហែលជាជាតិក្រោយ ព្រហ្មលិខិត មិនតម្រូវឱ្យខ្ញុំមកធ្វើជានាយករដ្ឋមន្រ្តីទៀតទេ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រហ្មលិខិតបានកំណត់ឱ្យសម្តេចធ្វើជានាយករដ្ឋមន្រ្តីកម្ពុជា ហើយនាយករដ្ឋមន្រ្តីជប៉ុន ដែលបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក៏មានជំនឿបែបនេះដែរ។

សម្តេចតេជោ ហ៊ុន សែន បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី កាលពីឆ្នាំ១៩៨៥ ក្នុងពេលដែលសម្តេចមានអាយុ៣២ឆ្នាំ បន្ទាប់ពីបានកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីវ័យ២៧ឆ្នាំ។ សម្តេចបានរំលឹករឿងរ៉ាវកាលពីអតីតកាល ដោយបញ្ជាក់ថា សម្តេចមានបំណងត្រឹមតែចង់ធ្វើជាគ្រូបង្រៀន និងអ្នកបើកយន្តហោះតែប៉ុណ្ណោះ ប៉ុន្តែបែរជាកាលៈទេសៈរុញច្រាន រហូតក្លាយទៅជានាយករដ្ឋមន្រ្តី។

សម្តេចបានបន្តថា យើងគួរជឿវាខ្លះទៅ អ្នកខ្លះប្រឹងចង់ងាប់ដោយគ្រាន់តែដេក គ្រាន់តែដើរថា អញដំណើរដូចនាយករដ្ឋមន្រ្តី ដេកក៏ស្រមៃថាជានាយករដ្ឋមន្រ្តី ក៏ប៉ុន្តែនៅតែមិនបានធ្វើនាយករដ្ឋមន្រ្តី អាអ្នកដែលមិនចង់បែរជាបានធ្វើនាយករដ្ឋមន្រ្តី អ្វីដែលខ្ញុំចង់ពីដើមមក គឺចង់ធ្វើត្រឹមតែគ្រូបង្រៀន ក្រោយមកចង់ធ្វើ Pilot បើកយន្តហោះ ដោយសារខឹងយន្តហោះដេញបាញ់ ដល់ពេលធ្លាក់ខ្លួនពិការអស់សង្ឃឹម ហើយសភាពការណ៍ចេះតែរុញយើងៗៗមកដល់កន្លែងហ្នឹងតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការចរចានៅសៀមរាបជាមួយ សម្តេចនរោត្តម សីហនុ ដែលព្រះអង្គមានបន្ទូលនៅចំពោះមុខគណបក្សចំនួន ក្នុងពេលចរចានៅខេត្តសៀមរាបថា អស់លោក ព្រះអង្គម្ចាស់ ឯកឧត្តម ជឿលើព្រហ្មលិខិតខ្លះទៅ ដូចជាខ្ញុំៗអត់ចង់ធ្វើស្តេចឯណា សុខៗស្រាប់តែគេទៅយកខ្ញុំនៅព្រៃនគរយកមកធ្វើជាស្តេច ឯសម្តេច ហ៊ុន សែន គេចារមកឱ្យគាត់ធ្វើជានាយករដ្ឋមន្រ្តី។ ព្រះករុណា មានបន្ទូលបែបនេះ នៅចំពោះមុខ៣បក្សនយោបាយ ដែលកំពុងចរចាគ្នា។

ក្នុងពេលសម្តេចឡើងធ្វើនាយករដ្ឋមន្រ្តី នៅឆ្នាំ១៩៨៥ គឺគណៈរដ្ឋមន្រ្តីមានតែសម្តេចទេ ដែលមានអាយុ៣២ឆ្នាំ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីនានា សុទ្ធតែអាយុខ្ទង់ជាង៤០ឆ្នាំឡើង ក្នុងនោះមានតែ លោក អំ ផន ម្នាក់ទេដែលមានអាយុបងសម្តេច៣ឆ្នាំ។

សម្តេចលើកឡើងទៀតថា ពេលហ្នឹងមិនមែនជាពេលវេលាដែលខ្ញុំត្រូវធ្វើជានាយករដ្ឋមន្រ្តី ក៏ប៉ុន្តែមានការរៀបចំ ហើយបោះឆ្នោតចម្លែកទៅទៀត បោះឆ្នោតនៅក្នុងសភា បោះជាសម្ងាត់ ក៏ប៉ុន្តែសំឡេងទទួលបាន១០០ភាគរយ នៃការបោះឆ្នោត ប្រៀបធៀបនឹងអ្នកជំនាន់មុនដែលម្នាក់បាត់៧សំឡេង ម្នាក់បាត់៨សំឡេង៕

អត្ថបទដែលជាប់ទាក់ទង