ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា កំណត់របៀបវារៈ និងកាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦

271
ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈ និងកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦។
ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២ ដោយមានរបៀបវារៈចំនួន៤ រួមមាន៖
១- ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦។
២- របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៦ និងលើកទី៧ នីតិកាលទី៦។
៣- ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ុជ គឹមអន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ ៩ឆ្នាំ ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៦។
៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ ក៏បានអនុម័តផងដែរ លើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ ចំនួន៣រូប ដែលមាន ឯកឧត្តម សត្យា វុធ ឯកឧត្តម សុខ ផេងនិង ឯកឧត្តម សេរី កុសល៕
អត្ថបទដែលជាប់ទាក់ទង