ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ៖ កម្ពុជាមានទំហំពាណិជ្ជកម្មជាង ១៣ប៊ីលានដុល្លារ ក្នុងត្រីមាសទី១ឆ្នាំនេះ

407

ភ្នំពេញ៖ ដោយសារស្ថានភាពជំងឺកូវី19 ហាក់ដូចជាថមថយខ្លាំងធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូមានការកើនឡើង។ ដូច្នេះ កម្ពុជាមានទំហំពាណិជ្ជ កម្មជាមួយប្រទេសដៃគូជាង ១៣ ប៊ីលានដុល្លារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ កើនឡើង ៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ការកើនឡើងនេះ គឺដោយសារកម្ពុជាអនុញ្ញាតឱ្យមានការបើកសកម្ម ភាពសង្គមសេដ្ឋកិច្ចឡើងវិញ។

យោងតាមស្ថិតិអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថ្ងៃទី១៩ មេសា ២០២២នេះថា៖ ចាប់ពីខែមករាដល់មីនា ឆ្នាំ២០២២កម្ពុជា មានទំហំពាណិជ្ជកម្មរហូតប្រមាណ ១៣,១៦ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជា នាំចេញទំនិញ ទៅកាន់ទីផ្សារពិភព លោក ជាង៥,៧ពាន់លានដុល្លារ ខណៈនាំចូលវិញ មាន៧,៤ពាន់លានដុល្លារ។

មានន័យថាទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាមានការកើនឡើងក្រោយពេលដែលសកម្មភាពសេដ្ឋកិច្ចបើកឲ្យដំណើរការឡើងវិញ។
បើតាមការយល់ឃើញរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានោះថា ភាពស៊ាំ ក្នុង សង្គម នឹង ជំងឺកូវីដ ដោយសារយុទ្ធសាស្រ្តចាក់វ៉ាក់សាំងកូវីដ១៩ របស់រាជរដ្ឋាភិបាល ធ្វើឱ្យកម្ពុជា អាច ដំណើរ ការសកម្មសង្គមសេដ្ឋកិច្ចបានយ៉ាងលឿន ធៀប នឹងប្រទេសដៃទៀត អំណោយ ផលដល់ ការធ្វើពាណិជ្ជកម្ម និងវិនិយោគ។

នេះគឺជាយុទ្ធសាស្ត្រត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែនក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់ទិសទីនៅក្នុងប្រទេស។

ស្ថិតិជញ្ជីងពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅក្នុងត្រីមាស ទីមួយ នេះ ប្រទេសចិនមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា ដែលមាន តម្លៃរហូតដល់ជិត ២,៩ពាន់លានដុល្លារ។ចិននៅតែនាំមុខគេក្នុងការវិនិយោគជាមួយកម្ពុជាហើយចិនក៏ជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់កម្ពុជាតាំងពីដើមរៀងមក។
ចំណែក ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក សម្រេចបាន ក្នុងរង្វង់ ២,២ពាន់ដុល្លារ។ ដៃគូពាណិជ្ជកម្មបន្ទាប់គឺប្រទេសវៀតណាមមាន ១,៧ពាន់ដុល្លារ,ប្រទេសថៃ មាន ១,១ពាន់ដុល្លារ និងប្រទេស សិង្ហបុរី ជិត៩៨០លានដុល្លារ។

សូមបញ្ជាក់ថា៖ កាលឆ្នាំ២០២១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម ជាមួយប្រទេស-តំបន់ នៅ លើពិភព លោក បានជាង ៤៨ ពាន់ល្លានដុល្លារ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា គឺមាន ១៩,៣ពាន់លានដុល្លារ។ រីឯការនាំ ចូលវិញគឺមាន ២៨,៧ ពាន់លានដុល្លារ។ នេះបើយោង តាម ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង