ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសជប៉ុន បានជួយ និងរួមចំណែក កសាងសន្តិភាព និងបញ្ចប់សង្គ្រាមនៅកម្ពុជា

327

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសជប៉ុនបានជួយ និងរួមចំណែកកសាងសន្តិភាព និងបញ្ចប់សង្គ្រាមនៅកម្ពុជា។ ជប៉ុនបានទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ ឆ្នាំ១៩៥៣ទៅទៀត ដែលការទទួលស្គាល់របស់ជប៉ុននេះ បានជួយជំរុញឲ្យកម្ពុជាទទួលបានឯករាជ្យ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា បន្ទាប់មកទៀត ជប៉ុនបានចូលរួមថែរក្សាសន្តិភាព តាមរយៈការផ្តល់នូវវេទិកា សម្រាប់ការជួបប្រជុំរវាងភាគីកម្ពុជា ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើត ក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ ជប៉ុនក៏បានចូលរួមអនុវត្តន៍កិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ តាមរយៈបញ្ជូនកងទ័ពមកកាន់កម្ពុជា។ ជុំវិញការផ្តល់ជំនួយជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់កម្ពុជា នៅពេលមានការលំបាក។

ការលើកឡើងពីការចូលរួមរបស់ជប៉ុន ក្នុងការរួមចំណែកជួយដល់ការចរចារកសន្តិភាព និងបញ្ចប់សង្គ្រាមនៅកម្ពុជានេះ ធ្វើឡើងក្នុងឱកាសសម្តេចនាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ។

គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយថវិកាទឹកប្រាក់សរុបប្រមាណ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលរដ្ឋាភិបាលជប៉ុន។ គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។

គម្រោងសាងសង់សំណង់ទាំងអស់នេះគឺដើម្បីការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិ​បតីភាពបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខេមីនា ឆ្នាំ២០១៩កន្លងទៅ។ គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ បញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានអញ្ជើញមកសម្ពោធសមិទ្ធផលថ្មីៗដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុននាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍នូវសមិទ្ធផលនានានៅភ្នំពេញនេះ ថ្វីត្បិតតែអស់ថវិកាច្រើន តែវាបានផ្តល់នូវប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ ជាពិសេសការបញ្ចៀសការជន់លិចរាជធានីភ្នំពេញ និងការកកស្ទះសំរាមជាដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:ទីភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុនចៃកា(JICA) ដែលបានសិក្សាយ៉ាងច្បាស់លាស់លើការការពារទឹកជំនន់ និងការកែលំអប្រព័ន្ធប្រឡាយ-លូ នៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះសម្តេចនឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមវេទិកាទឹកពិភពលោក ហើយសម្តេចក៏នឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនផងដែរ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា ជប៉ុនជាចំណែកមួយក្នុងការជួយឱ្យកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា ការរួមចំណែករបស់ជប៉ុនតាមរយៈ នៃការចូលរួមរក្សាសន្តិភាព ដែលក្នុងនោះជប៉ុនបានផ្តល់វេទិកា សម្រាប់ការជួបជុំរវាងភាគីកម្ពុជា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាក់ព័ន្ធនឹងការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ នៅឯទីក្រុងតូក្យូ ជំនាន់អតីតនាយករដ្ឋមន្ត្រី ខៃហ្វូ ដែលគាត់ទើបទទួលមរណភាព នៅប៉ុន្មានខែមុននេះ។ បន្ទាប់ទៅជប៉ុនក៏បានចូលរួមចំណែកអនុវត្តន៍ នូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាមរយៈការបញ្ជូនកងទ័ពរបស់ជប៉ុនមកកាន់កម្ពុជា បន្ទាប់ទៀតជប៉ុនបានដើរតួនាទីជាសហប្រធានអាយគក (បារាំង និងជប៉ុន) សម្រាប់ការផ្តល់ជំនួយ ដែលពេលខ្លះប្រជុំនៅតូក្យូ និងប្រជុំនឹងប៉ារីស បន្ទាប់មកទៀតជប៉ុនបានផ្តល់ជំនួយដល់កម្ពុជាបន្តបន្ទាប់ នៅពេលកម្ពុជាជួបការលំបាក។

សម្តេតេជោបានថ្លែងទៀតថា នៅឆ្នាំ២០២៣ គឺជាឆ្នាំទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ខណៈនៅឆ្នាំ២០២២នេះ កម្ពុជា-ជប៉ុន បានប្រារព្ធពិធីអបអរខួបលើទី៣០ នៃការបញ្ជូនកងស្វ័យការពារជប៉ុន មកបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៃប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលសមិទ្ធផលនានាជាច្រើន ដែលបានកើតឡើងតាមរយៈការធ្វើទំនាក់ទំនងការទូតយ៉ាងល្អរវាងកម្ពុជា និងជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង