ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា បើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារ ដែលសម្រេច បានក្នុងឆ្នាំ២០២១ និងលើកទិសដៅ ការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២២

346

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានបើកកិច្ចប្រជុំលើកទី១១ របស់ខ្លួន ដើមី្បបូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២២។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញាពីអន្តរក្រសួង-ស្ថាប័នជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសមាជិកាទាំងអស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលបានសហការគ្នាយ៉ាងល្អក្នុងការសម្រេចបាននូវលទ្ធផលការងារកម្មសិទ្ធិបញ្ញា ជាច្រើនគួជាទីមោទនៈ ជាពិសេសការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញ និងសេចក្តីរាយការណ៍ជូនអង្គប្រជុំដើម្បីពិនិត្យ និងពិភាក្សារ ដោយក្នុងនោះ លោកជំទាវ ឃុន វ៉ារី អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើសេចក្តីរាយការណ៍ស្តីពីវឌ្ឍនភាពការងារនៃប្រកាសនីយបត្រតក្កកម្ម ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម។ បន្ទាប់មក ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារនៃសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ ជាចុងក្រោយ ឯកឧត្តម សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានធ្វើបទបង្ហាញ ស្តីពីរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ព្រមទាំងធ្វើបទបង្ហាញដោយសង្ខេបអំពីសេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ផងដែរ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់រួចមក ជាលទ្ធផល អង្គប្រជុំបានសម្រេច និងឯកភាព ដូចខាងក្រោម៖
១-អនុម័តជាគោលការណ៍លើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីគោរពរាយការណ៍ជូន សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
២-អនុម័តជាគោលការណ៍លើសេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដើមី្បបន្តនីតិវិធីជូនប្រមុខរាជរដ្ឋាភិបាល ។

នៅកិច្ចបញ្ចប់ ដើម្បីបន្តប្រសិទ្ធភាពការងារក្នុងការគ្រប់គ្រងកម្មសិទ្ធិបញ្ញា ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួន ជូនគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២២ ដូចខាងក្រោម៖
១-បន្តកសាងច្បាប់ និងបទប្បញ្ញតិ្ត ព្រមទាំងពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាឱ្យមានប្រសិទ្ធភាព
២-លើកកម្ពស់ការអប់រំ និងការបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញានៅតាមគ្រឹះស្ថានអប់រំនានា
៣-លើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញាក្នុងស្រទាប់សាធារណជនទូទៅ
៤-ជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង
៥-ជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញាដោយអ្នកស្រាវជ្រាវ សិស្ស និស្សិត សហគ្រិន ក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ
៦-ជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម ដើម្បីលើកកម្ពស់ជំនឿទុកចិត្តរបស់អតិថិជន លើកកម្ពស់កសិកម្ម វប្បធម៌ និងទេសចរណ៍។
៧-បន្តលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធរដ្ឋបាលកម្មសិទ្ធិបញ្ញាប្រកបដោយបច្ចេកវិទ្យា៕

អត្ថបទដែលជាប់ទាក់ទង