ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាសាលាស្ដីពី ការផលិតវីដេអូពិសោធន៍ តាមគោលវិធីស្ទែម មុខវិជ្ជាជីវវិទ្យា ថ្នាក់ទី១១

31

ខេត្តតាកែវ៖ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP II) បានរៀបចំវគ្គសិក្ខាសាលាស្តីពី ការផលិតវីដេអូពិសោធន៍តាមគោលវិធីស្ទែម សម្រាប់ថ្នាក់ទី១១ មុខវិជ្ជាជីវវិទ្យា នៅវិទ្យាល័យ ជា ស៊ីម តាកែវ នៅថ្ងៃទី០២ ឧសភា ២០២២នា វិទ្យាល័យ ជា ស៊ីម តាកែវ ខេត្ត តាកែវ។

សិក្ខាសាលានឹងផលិតបាននូវមាតិកាអប់រំ បែបឌីជីថល លើមុខវិជ្ជា ជីវវិទ្យា ស្របតាមកម្មវិធីសិក្សារបស់ក្រសួង ដែលអាចឱ្យសិស្សានុសិស្សសិក្សាបន្ថែម និងអនុវត្តបានដោយខ្លួនឯងនៅលើមជ្ឈមណ្ឌលសិក្សាតាមរយៈអេឡិចត្រូនិក (eLearning Platform MoYES) និងបណ្ដាញផ្សព្វផ្សាយផ្លូវការក្រសួង។ សិក្ខាសាលានេះបានប្រារព្ធ ពិធីបើកក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ឪម សិទ្ធី អគ្គនាយករងអប់រំ និងជាប្រធានសមភាគ C នៃគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDPII) ។

ឯកឧត្ដមបណ្ឌិត បានថ្លែងអំណរគុណ ដល់នាយកដ្ឋានពាក់ព័ន្ធ និងគណៈគ្រប់គ្រង លោក លោកស្រី លោកគ្រូ អ្នកគ្រូ ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ។ ឯកឧត្តមបណ្ឌិត បានផ្តល់ជាអនុសាសន៍ទាក់ទងជាមួយធាតុចូលមួយចំនួនឆ្លើយតបទៅនឹងការអប់រំតាមបែបឌីជីថល មកដល់ពេលនេះយើងមានការលំបាកខ្លះដោយសារការបង្រៀនរបស់យើងតាមបែបប្រពៃណី (គ្រូ មជ្ឈមណ្ឌល) តែបច្ចុប្បន្នតាមបែបទំនើបវិញ (សិស្ស មជ្ឈមណ្ឌល)។

បើគិតចាប់ពី២០២០ ដល់ ២០៣០ គោលដៅអភិវឌ្ឍសហស្សវត្សឆ្នាំ២០៣០ ត្រូវសម្រេចឱ្យបានសម្រាប់ប្រព័ន្ធអប់រំក្នុងប្រទេសកម្ពុជាការអប់រំប្រកបដោយបរិយាបន្ននៅក្នុងបរិបទនៃឧស្សាហកម្ម ៤.០ ការប្រើប្រាស់បច្ចេកវិទ្យា ជាតម្រូវការចាំបាច់សម្រាប់មនុស្សនៅទូទាំងពិភពលោក ដូចនេះការបង្កើតវីដេអូតាមគោលវិធីស្ទែម គឺត្រូវមានក្នុងសមាសភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា។

ឯកឧត្ដមបណ្ឌិត បានសំណូមពរដល់បុគ្គលិកអប់រំដែលអញ្ជើញមកពីនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា និងនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ មេត្តាចូលរួមជួយសម្របសម្រួល និងកែសម្រួលដល់ខ្លឹមសារសម្រាប់ការផលិតវីដេអូពិសោធន៍ របស់យើងនាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង