ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនួបពាណិជ្ជកម្មរវាង សមាជិកគណៈប្រតិភូ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន

198

 

រដ្ឋធានីវ៉ាស៊ីនតោន៖ នារថ្ងៃព្រហស្បត្តិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាមេរិកអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានអញ្ជើញចូលរួមជាគណៈអធិបតី ថ្លែងសុន្ទរកថាបើកជំនួបពាណិជ្ជកម្មរវាងសមាជិកគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនអាមេរិកនៅរដ្ឋធានីវ៉ាស៊ីតោន។ ជំនួបពាណិជ្ជកម្មនេះ មានការចូលរួមពីក្រុមហ៊ុនកម្ពុជា និងអាមេរិកចំនួនជាង១០០ ក្រុមហ៊ុន ជួបពិភាក្សាគ្នានិងសិក្សាលទ្ធភាពសហការក្នុងវិស័យសំខាន់ៗរួមមាន៖ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាទឹកស្អាត បច្ចេកវិទ្យាហិរញ្ញវត្ថុ អាជីវកម្មសិទ្ធិពិសេស អចលនទ្រព្យ កម្មសិទ្ទិបញ្ញា និងវិស័យផ្សេងៗទៀត។

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ជម្រាបជូនក្រុមហ៊ុនអាមេរិកដែលមានវត្តមានក្នុងជំនួបពាណិជ្ជកម្ម អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងវិស័យសំខាន់ៗដែលប្រទេសទាំងពីរបាននិងកំពុងជំរុញរួមគ្នា។ អ្នកឧកញ៉ា ប្រធាន បានគូសបញ្ជាក់ថា អាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា ដែលក្នុងនេះកាលពីឆ្នាំ២០២១ កន្លងទៅទំហំពាណិជ្ជកម្មទ្វេភាគីបានកើនដល់ ជាង ៩ ពាន់លានដុល្លារ បើទោះបីជារងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក៏ដោយ។ ផលិតផលសំខាន់ដែលកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិករួមមាន សំលៀកបំពាក់ ស្បែកជើង និងផលិតផលកសិកម្មជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុនធំៗជាច្រើនរបស់អាមេរិកកំពុងបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ អ្នកឧកញ៉ាប្រធាន បានលើកទឹកចិត្ត និងអញ្ជើញធុរជនអាមេរិក មកបំពេញទស្សនកិច្ច ដោយផ្ទាល់នៅកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីកាលានុវត្តភាព និងសិក្សាលទ្ធភាពសហការគ្នា។ កម្ពុជា មានទីផ្សារទូលំទូលាយ ដោយផលិតកម្ពុជា អាចនាំចេញទៅបណ្តារប្រទេស និងតំបន់នានាក្នុងអត្រាពន្ធសូន្យ ឬទាបបំផុត ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងសេរីទ្វាភាគី ពហុភាគី និងតំបន់ រួមមានដូចជា៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កិច្ចព្រមព្រៀងសេរីទ្វេភាគីកម្ពុជា ចិន និងកម្ពុជា កូរ៉េជាដើម៕

អត្ថបទដែលជាប់ទាក់ទង