រថយន្ដ LEXUS ជ្រុលទៅបុកដើមកាសស្យា បណ្ដាលធ្លាក់ផ្លូវ
ស្រុកព្រៃនប់ ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៦:១០នាទី លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០២-២០៣ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយខ្លួនឯង រថយន្ដ ០១គ្រឿងម៉ាក LEXUS RX៣០០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល ២A-៤៦៩៦ មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ អ្នកបើកបរឈ្មោះ ហេង សំណាក់ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ខណ្ឌព្រែកប្រា រាជធានីភ្នំពេញ ។
លុះមកដល់ចំណុចខាងលើរថយន្ដបានរេចង្កូតមកខាងស្ដាំ ហើយអ្នកបើកបរបានទាញចង្កូតមកខាងឆ្វេងដៃវិញ រួចជ្រុលទៅបុកដើមកាសស្យា បណ្ដាលធ្លាក់ផ្លូវតែម្ដង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឲ្យមនុស្សរងរបួសទេ ។
បច្ចុប្បន្ន រថយន្ដខាងលើកំពុងស្វែងរករថយន្ដស្ទួច ដើម្បីស្ទួចចេញពីកន្លែងកើតហេតុ ៕