ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌទួលគោកជម្រុញ អោយកម្លាំងមានសមត្ថកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អប្រសើរនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់នេះ

195

ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោកបានជម្រុញ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អប្រសើរបំផុត នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់នាថ្ងៃទី០៥ មិថុនានេះ ។
ការជំរុញបែបនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៦របស់ក្រុមប្រឹក្សាខណ្ឌទួលគោក នាព្រឹកថ្ងៃទី៣១ឧសភាឆ្នាំ២០២២នេះ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមានលោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ ,សមាជិកក្រុមប្រឹក្សា លោកចៅសង្កាត់ទាំង១០ និងមានការចូលរួមពីមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត។
លោកកែវ សុភា អភិបាលរងខណ្ឌទួលគោកតំណាងអោយលោកជា ពិសី អភិបាលខណ្ឌទួលគោក បានមានប្រសាសន៍ ដោយជម្រុញអោយកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អប្រសើរបំផុត នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់នាថ្ងៃទី០៥ មិថុនានេះ ។ចំពោះមន្ត្រីរបស់យើងត្រូវនៅចាំសម្រួលនូវឯកសារផ្សេងៗ របស់ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់នាំឯកសារពាក់ព័ន្ធទាំងនោះ ដើម្បីបានបោះឆ្នោត។ បន្ថែមពីនេះ មន្ត្រីនិងកងកម្លាំងរបស់យើងត្រូវតាមដានរាល់សកម្មភាព នានារបស់គណបក្សផ្សេង នៅក្រោយពេលបោះឆ្នោតនេះ។
លោកកែវ សុភា ក៏បានជម្រុញអោយមន្ត្រីខណ្ឌ សង្កាត់ ត្រូវចុះផ្សព្វផ្សាយនិងចលនាប្រជាពលរដ្ឋ អោយទៅទទួលការចាក់វ៉ាក់សាំងជម្ងឺកូវីដ-១៩ ដុសទី៥ នៅថ្ងៃទី០៩ មិថុនានេះអោយបានគ្រប់គ្នា ។
លោកម៉ែន សិរី បានមានប្រសាសន៍លើកឡើងថា៖កិច្ចប្រជុំសាមញ្ញលើកទី៣៦របស់ក្រុមប្រឹក្សាខណ្ឌទួលគោកនាព្រឹកនេះ គឺជាកិច្ចប្រជុំផ្ទាល់និងមានលក្ខណៈទូលំទូលាយជាលើកទី១ហើយ ក្រោយពីខកខាន អស់រយៈពេល២ឆ្នាំកន្លងមកនេះ ដោយសារតែ ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ។ ២ឆ្នាំកន្លងមកនេះ យើងអាចប្រជុំបានត្រឹមតែតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference )តែប៉ុណ្ណោះ។ ប៉ុន្តែដោយមានការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋបានគ្រប់គ្នានិងគ្រប់ដុសទើបយើងអាចគ្រប់គ្រងជម្ងឺនេះបានដោយជោគជ័យ ព្រមទាំងបានបើកប្រទេសអោយដំណើរការសេដ្ឋកិច្ចជាធម្មតាឡើងវិញ ហើយកិច្ចប្រជុំដោយផ្ទាល់និងមានលក្ខណៈទូលំទូលាយបែបនេះ ក៏បានចាប់ផ្តើមដំណើរជាប្រក្រតីឡើងវិញផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង