ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច ស ខេង ដាក់ការប្ដេជ្ញាចិត្ត និងឈានទៅអនុវត្តបានកាន់តែច្រើន ហើយនូវការកាត់បន្ថយ ការបញ្ជូនមន្រ្តីនគរបាលជាតិ វគ្គបឋមទៅសិក្សានៅក្រៅប្រទេស

51

 

ភ្នំពេញ ៖នៅរសៀលថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យនាយនគរបាលចំនួន៦០រូប ដែលត្រៀមចេញទៅសិក្សាវគ្គបំប៉ន នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីរីករាយដែលបានជួបទទួលជួបនាយនគរបាល ដែលត្រៀមចេញទៅសិក្សានៅប្រទេសវៀតណាម ទាំង៦០រូបនាឱកាសនេះ ដោយសម្ដេចបានអះអាងទៀតថា នេះជាលើកទី១ ហើយដែលសម្ដេចបានទទួលជួបជាមួយ មន្រ្តីនគរបាលដែលចេញទៅសិក្សានៅក្រៅប្រទេស មិនមែនតែប្រទេសវៀតណាមនោះទេ។

សម្ដេច បានមានប្រសាសន៍ថាកងកម្លាំងនគរបាលជាតិ ជាកម្លាំងអនុវត្តច្បាប់ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងជួយពង្រឹងដល់សន្តិភាពប្រទេសជាតិ ដើម្បីបង្កលក្ខណៈសម្បត្តិឱ្យប្រជាពលរដ្ឋបានរស់នៅប្រកបដោយសេចក្ដីសុខ។ សម្ដេចបន្តថា នគរបាលជាតិពិតជាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអនុវត្តបេសកកម្មដូចបានបញ្ជាក់លើខាងលើ។
សម្ដេច បានមានប្រសាសន៍ថាក្រសួងមហាផ្ទៃ បានធ្វើកំណែទម្រង់ដើម្បីលើកកម្ពស់គុណភាពកងកម្លាំងនគរបាលជាតិជាបន្តបន្ទាប់ ក្នុងន័យដើម្បីធានាដល់ការពង្រឹងការអនុវត្តតួនាទីនិងភារកិច្ចរបស់មន្រ្តីនគរបាលជាតិ ក្នុងនោះការសក្សារៀនសូត្រនេះ គឺជាគន្លឹះដ៏សំខាន់មួយនៅក្នុងការងារកំណែទម្រង់នគរបាលជាតិ ទាំងការសិក្សារៀនសូត្រក្នុងប្រទេស និងក្រៅប្រទេស។

ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនគរបាលជាតិនេះដែរ សម្ដេចក្រឡាហោម ស ខេង បានរម្លឹកថាកន្លងមកភាគច្រើននៃកម្លាំងនគរបាលដែលបានបញ្ជូនទៅរៀនសូត្រនៅក្រៅប្រទេសនោះ គឺបានបញ្ជូនទៅរៀននៅប្រទេសវៀតណាម។ សម្ដេច បន្តថាក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា គឺភាគីវៀតណាមបានរួមចំណែកច្រើនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សកងកម្លាំងនគរបាលជាតិ។

សម្ដេច បានបន្ថែមថានៅប៉ុន្មានឆ្នាំចុងក្រោយនេះ សម្ដេចបានដាក់ការប្ដេជ្ញាចិត្ត និងឈានទៅអនុវត្តបានកាន់តែច្រើនហើយនូវការកាត់បន្ថយការបញ្ជូនមន្រ្តីនគរបាលជាតិវគ្គបឋមទៅសិក្សានៅក្រៅប្រទេស ហើយថាសម្ដេចមានការប្ដេជ្ញាចិត្តខ្ពស់អនុវត្តការងារនេះឱ្យបាន១០០ភាគរយ។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីការងារកំណែទម្រង់ប៉ុស្តិ៍នគរបាលជាតិផងដែរ។

សម្ដេច បន្តថាតាមរយៈការងារកំណែទម្រង់ប៉ុស្តិ៍នគរបាលនេះ សម្ដេចបានចាត់តាំងឱ្យរដ្ឋលេខាធិការទទួលបន្ទុក និងអគ្គនាយកដ្ឋានបុគ្គលិក បន្តពិនិត្យនិងរៀបចំរំលែកក្របខ័ណ្ឌពីការិយាល័យ ឬនាយកដ្ឋាននានាដែលមានមន្រ្តីលើសពីតម្រូវការចាំបាច់ ដើម្បីចែកទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលដែលជាទូទៅសម្ដេចសង្កេតឃើញថាពិតជាមានការខ្វះខាតធនធានមនុស្សគ្រប់ឃុំ សង្កាត់តែម្ដង។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យនាយនគរបាលទាំង៦០រូប យកចិត្តទុកដាក់គោរពវិន័យឱ្យបានល្អ ចៀសវាបង្កបញ្ហាផ្សេងៗនាំឱ្យប៉ះពាល់ដល់កិត្តិយសជាតិ និងកងកម្លាំងនគរបាលជាតិ ហើយប្រសិនបើមានបញ្ហាឬការលំបាកអ្វីពេលកំពុងរៀនសូត្រនោះ ក៏ត្រូវរាយការណ៍មកថ្នាក់ដឹកនាំ ដើម្បីជួយផ្ដល់ការគាំទ្រឱ្យបានល្អ ដ្បិតនាយនគរបាលចេញទៅសិក្សានេះគឺដើម្បីយកចំណេះដឹងមកបម្រើអង្គភាព បម្រើសជាតិ និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង