ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរនិងកម្លាំងសមត្ថកិច្ចគ្រប់គ្រង សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន

52

 

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន បានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ និងកម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ ដែលបានគ្រប់គ្រងសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នាប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បន្ថែមពីនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានដោះស្រាយ បញ្ហា
ជាកង្វល់របស់ប្រជាពលរដ្ឋបានល្អប្រសើរផងដែរ។

ការសម្តែងនូវការកោតសរសើរ ពីសំណាក់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបែបនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមអធិបតីភាព លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោកម៉ប់ សារិន បានមានប្រសាសន៍ល់កឡើងថា៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញបានដឹកនាំ និងគ្រប់គ្រងសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ បានយកចិត្ត ទុកដាក់ខ្ពស់ រក្សាបានសុវត្ថិភាពល្អក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥នេះ ។ទន្ទឹមនេះ ការរៀបចំសណ្ដាប់ ធ្នាប់ សុវត្ថិភាព ក៏មានលក្ខណៈល្អប្រសើរ ដោយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានយកចិត្ត ទុកដាក់ ខិតខំបំពេញភារកិច្ច ដោយមានការចូលរួមពីប្រជាពលរដ្ឋបានល្អ។

លោកបន្តថា ក្នុងនាមប្រជាពលរដ្ឋកម្ពុជា យើងពិតជាមានមោទនភាពក្រៃលែងដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ប្តូរវេន បានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធប្រកប ដោយជោគជ័យ ធានាបានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ធ្វើឱ្យកិច្ចប្រជុំដំណើរការ ដោយអនុលោមទៅតាមស្មារតីអាស៊ាន «ទស្សនវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ» ក្នុងនោះយើងសង្កេតឃើញរដ្ឋមន្ត្រីការបរទេស នៃប្រទេសធំៗដូចជា សហរដ្ឋអាមេរិក សហ ព័ន្ធរុស្ស៊ី សាធារណរដ្ឋប្រជាមានិតចិន។ល។ បានអញ្ជើញ ចូលរួមពិភាក្សា និងជួបសម្ដែងការ គួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ។ បន្ថែមពីលើនេះ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការសម្របសម្រួល ដោះស្រាយ បញ្ហាជាមួយបងប្អូនអាជីវករផ្សារអូរឫស្សី ដោយកំណត់អាណត្តិថ្មី ២០ឆ្នាំ (២០២២-២០៤២) និងបានដោះស្រាយបញ្ចប់នៅតំបន់អភិវឌ្ឍន៍ឬស្សីកែវ ថែមទៀត។

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍លើកឡើងផងដែរថា ៖ ការទទួលបានជោគជ័យ ក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាពបានល្អក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥នេះ គឺយើងដោះស្រាយបញ្ហាបានល្អ អាជ្ញាធររាជធានីភ្នំពេញ កងរាជអាវុធហត្ថនិងកងកម្លាំងប៉ូលីសរាជធានីភ្នំពេញ សហការគ្នាបានល្អ ។នេះជាបទពិសោធដ៏ល្អមួយ ដែលយើងអាចទទួលបានភាពជោគជ័យជាបន្តបន្ទាប់ទៀត នៅក្នុងកិច្ចប្រជុំកំពូលៗនៅពេលខាងមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង