ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារសម្លេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងស្ថានភាព និងការដាំដើមឈើឡើងវិញនៅតំបន់ភ្នំតាម៉ៅ​ ខេត្តតាកែវ

122

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ចេញសារពិសេស ពាក់ព័ន្ធស្ថានភាព និងការដាំដើមឈើនៅតំបន់ភ្នំតាម៉ៅនៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញបញ្ជាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំ ដើម្បីកំណត់និយាមការតំបន់ភ្នំតាម៉ៅ ជាតំបន់អភិរក្ស និងព្រៃការពារជារៀងរហូត។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការសម្រេចរបស់សម្តេច កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ដោយបានលុបលិខិតបទដ្ឋានទាំងអស់ ដែលអនុញ្ញាតឱ្យវិស័យឯកជនអភិវឌ្ឍភ្នំតាម៉ៅនេះ។ ដើម្បីដោះស្រាយដាំកូនឈើឡើងវិញ ឱ្យបានលឿន និងឱ្យទាន់ក្នុងរដូវភ្លៀង សម្តេចបានចេញបញ្ជាឱ្យកម្លាំងអង្គរក្ស១ពាន់នាក់ ទៅធ្វើសកម្មភាពជួយឈូសឆាយដី និងដាំកូនឈើ តំបន់នោះដោយប្រើគ្រឿងចក្រចំនួន១១៣គ្រឿង ដើម្បីធ្វើដីឱ្យបានល្អ និងដាំកូនឈើនៅទីនោះ។

សម្តេចតេជោ បានបញ្ជាក់ថាសម្រាប់ដីដែលដាំកូនឈើ យើងសុទ្ធតែដាំកូនឈើប្រណីតតែម្តង ហើយដែលឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំ បានចេញបទបញ្ជាឱ្យមេបញ្ជាការកងអង្គរក្ស ឱ្យបញ្ជាអ្នកដែលទទួលខុសត្រូវលើការងារដាំដុះនៅទីនោះ ប្រែក្លាយដីដែលបានឈូសឆាយនេះទៅជាសួនព្រៃ សួនដាំដើមឈើ ឬចម្ការដាំដើមឈើរ ដែលសុទ្ធតែជាឈើប្រណីត ហើយមិនយូរប៉ុន្មាន បងប្អូននឹងឃើញលទ្ធផលដ៏ល្អប្រសើរ ប៉ុន្តែដើម្បីចៀសវាងនូវការភាន់ច្រឡំ និងការមួលបង្កាច់ដោយពួកអគតិមួយចំនួន ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់សារជាថ្មីឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ ត្រៀមព្រះរាជក្រឹត្យកំណត់និយាមការតំបន់ការពារភ្នំតាម៉ៅនេះ ចេញជាព្រះរាជក្រឹត្យ ដើម្បីដាក់ជាតំបន់អភិរក្ស និងតំបន់ត្រូវការពារតែម្តង។

សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា រហូតដល់ល្ងាចនេះ មានផ្ទៃដីចំនួន៥៣០ហិកតាហើយ ត្រូវបានធ្វើដីរួចរាល់ ប៉ុន្តែក៏ត្រូវការសម្អាតបន្ថែមទៀត ដែលត្រូវការពេលវេលាមួយចំនួនបន្ថែមទៀត។ នៅពេលដែលឃើញកងទ័ពបានចុះទៅតំបន់ភ្នំតាម៉ៅនោះ ក៏មានការសង្ស័យពីមជ្ឈដ្ឋានមួយចំនួន ដែលយល់មិនដល់នូវបញ្ហាហើយ ធ្វើការវិនិច្ឆ័យដោយឆាប់រហ័សថា ដីនេះនឹងត្រូវក្លាយទៅជាដីរបស់ឯកជន។

សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់សាជាថ្មីថា តំបន់ភ្នំតាម៉ៅ ត្រូវតែរក្សាទុកជាដី និងព្រៃអភិរក្ស ហើយខ្ញុំព្រះករុណាខ្ញុំ សូមឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើតាមរបៀបព្រះរាជក្រឹត្យ ដើម្បីរក្សាតំបន់នេះឱ្យទៅជាតំបន់ព្រៃអភិរក្ស ការពារជារៀងរហូតទៅ។សារនេះនឹងពន្យល់ដល់ប្រជាពលរដ្ឋកុំឱ្យជឿតាមការញុះញង់របស់ ពួកអគតិ ពាក់ព័ន្ធនឹងភ្នំតាម៉ៅនេះ ដែលព្រៃតំបន់ភ្នំតាម៉ៅ ដែលនឹងក្លាយជាទៅជាព្រៃអភិរក្ស និងការពារជារៀងរហូត ដែលគ្មាននរណាអាចមកបំផ្លាញបាន៕

អត្ថបទដែលជាប់ទាក់ទង