ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យបញ្ឈប់ការផ្ដាច់មុខផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត ជាមួយបុរី

39

 

ភ្នំពេញ ៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យបញ្ឈប់ការកុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៉ិនធើណែត ជាមួយ ក្រុមហ៊ុនបុរី ដែលបានបង្កផលលំបាកយ៉ាងខ្លាំង ក្នុងការរស់នៅប្រចាំថ្ងៃដោយសារបញ្ហា មិនមានសេវាទូរស័ព្ទ និង អ៉ិនធើណែត ក្នុងបុរី។

សម្ដេចតេជោ បានបញ្ជាក់ថា ការងារនេះ ត្រូវធ្វើឡើងតាមរយៈការប្រកួតប្រជែងរវាងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត ដើម្បីសម្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យលុបចោលកិច្ចសន្យាគ្រប់បុរីទាំងអស់ ដែលបានផ្តល់សិទ្ធិផ្តាច់មុខ ដល់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវា Internet ព្រោះបានធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋប្រើប្រាស់ ដោយសារគ្មានការប្រកួតប្រជែងរវាងប្រតិបត្តិករ។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី០៤ ខែសីហា ឯកឧត្តមរដ្ឋមន្ត្រីជា វ៉ាន់ដេត បានបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជាផ្ទាល់ពីសម្តេចកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រសួង និងនិយ័តករទូរគមនាគមន៍ គឺត្រូវតែរំលាយចោលនូវរាល់ភាពផ្តាច់មុខទាំងអស់ អត់មាននរណាមួយមានសិទ្ធិផ្តាច់មុខក្នុងការរកស៊ី ក្នុងបុរីតទៅទៀតទេ ហើយការអនុវត្តន៍ចាប់ពីថ្ងៃស្អែកនេះតទៅ។ ក្រុមការងាររបស់ក្រសួងបានចុះស្រង់ទិន្នន័យតាមបុរីជាង ១០០បុរីក្នុងរាជធានីភ្នំពេញ ដែលមានបុរីខ្លះផ្តល់សិទ្ធិផ្តាច់មុខ ដល់ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត ដែលនាំឲ្យអ្នកប្រើប្រាស់មានការលំបាក ក្នុងការប្រើប្រាស់ ពោះគ្មានជម្រើស។ ជាមួយគ្នានេះ ក្រុមការងាររបស់ក្រសួង បានចុះធ្វើការតេស្តសេវាទូរស័ព្ទ នៅក្នុងបុរីបានចំនួន៦០បុរីរួចហើយ នៅតែចំនួន៤០បុរីទៀតប៉ុណ្ណោះ។ដើម្បីដោះស្រាយបញ្ហាសេវាទូរស័ព្ទ និងអ៊ីនធឺណិតនៅតាមបុរី ក្រសួងបានសម្រេចជ្រើសរើសយកបុរី ប៉េងហួត ជាគំរូមុនគេ បន្ទាប់មកទើបដោះស្រាយបុរីផ្សេងៗទៀត។

គួរបញ្ជាក់ថា បញ្ហាកង្វះខាតសេវាទូរស័ព្ទ និងអ៊ីនធើណិតក្នុងរយៈពេលចុងក្រោយនេះបានធ្វើឱ្យប្រជាពលរដ្ឋត្អូញត្អែរយ៉ាងខ្លាំង ពិសេសអ្នករស់នៅក្នុងបុរីមួយចំនួនក្នុងរាជធានីភ្នំពេញ និងរួមទាំងតំបន់ផ្សេងៗទៀត។ បញ្ហាទាំងនេះ ក៏ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ណែនាំដល់ក្រុមហ៊ុនសេវាទូរសព្ទ និងអ៊ីនធើណិត ត្រូវបង្កើន និងពង្រឹងគុណភាពសេវារបស់ខ្លួនឡើងវិញផងដែរ។

ថ្មីៗនេះក្រសួងប្រៃសណីយ៍ បានប្រកាសឱ្យប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ ព្រមទាំងហាមឃាត់ការនាំចូលនូវឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវា ដែលជាមូលហេតុនាំឱ្យមានផលប៉ះពាល់ដល់គុណភាពសេវាផងដែរ។ ក្រសួងថា កំពុងជំរុញឱ្យប្រតិបត្តិករទូរស័ព្ទចល័តផ្លាស់ប្តូរគ្រឿងសម្ភារៈបរិក្ខារ និងបច្ចេកវិទ្យា ព្រមទាំងសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់ និងពង្រឹងគុណភាពនៃសេវាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង