ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទះថ្មី១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនអតីតយុជន លោក គង់ សារិទ្ធ បុរសពោះម៉ាយ មានកូន៣នាក់នៅកំពង់ធំ

83

 

កំពង់ធំ៖ ឧត្តសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដីបានទៅប្រគល់ផ្ទះ១ខ្នងគឺខ្នងផ្ទះទី២០៦ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនី យ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជននៅភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ ថ្ងៃ៥រោចខែស្រាពណ៍ ឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី១៧សីហាឆ្នាំ២០២២ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា លោកពលបាលឯក គង់ សារិទ្ធ អាយុ៥៣ឆ្នាំ បានចូលបម្រើក្នុងជួរកងទ័ពក្នុងឆ្នាំ១៩៨៥ នៅអង្គភាពកងពលធំលេខ៤ចាស់ ហើយបានត្រូវរបួសពិការនៅក្នុងសមរភូមិភ្នំវែង ខេត្តប៉ៃលិននៅឆ្នាំ១៩៩៣។ លោក គង់ សារិទ្ធ ជាបុរសពោះម៉ាយ និងមានកូននៅក្នុងបន្ទុកចំនួន៣នាក់។ ដោយជីវភាពលំបាកខ្វះខាត ទើបលោកគ្មានលទ្ធភាពក្នុងការសាងសង់ផ្ទះសមរម្យ នៅលើដីដែលខ្លួនមាន។ ដោយឃើញពីការលំបាកនេះទើបក្រុមការងារ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំសុំការសម្រេចសាងសង់ផ្ទះថ្មី១ខ្នង គឺខ្នងទី២០៦ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម ជូនគាត់ដោយបានសាងសង់ជាផ្ទះទាមនៅផ្ទាល់ដី ចាក់សាបឆ្អឹងដែកជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី តាមសំណូមពររបស់គាត់ដើម្បីងាយស្រួលក្នុងការឡើងចុះ និងប្រកបរបររកទទួលទានដោយរត់ម៉ូតូឌុប និងប៉ះកង់គួបផ្សំនឹងប្រាក់បៀវត្សរ៍ប្រចាំខែរបស់គាត់ ដើម្បីចិញ្ចឹមជិវិត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នាចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីភាពសុខដុមរមនារបស់យើងទាំងអស់គ្នា។ ជាមួយនេះផងដែរត្រូវចេះធ្វើអនាម័យជុំវិញផ្ទះ និងពិសាទឹកស្អាត ឬទឹកឆ្អិនដើម្បីសុខភាពល្អ រួមទាំងការបន្តការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៤ និងដូសទី៥ ឱ្យបានគ្រប់ ៗគ្នា។
ក្នុងពិធីប្រគល់ផ្ទះថ្មីនេះផងដែ រឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ផ្ដល់ជូនពលបាលឯក គង់ សារិទ្ធបន្ថែមទៀត មាន៖ អង្ករ៥០គីឡូក្រាម មី២កេស ទឹកត្រី-ទឹកស៊ីអ៊ីវ២យួរ ត្រីខកំប៉ុង០១យួរ និងថវិកាមួយចំនួនផងដែរ ។

អាជ្ញាធរដែនដីប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជននៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការកុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន លុះអវសានជីវិត ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង