ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៧ខែឆ្នាំនេះ ការនាំចេញរបស់កម្ពុជាទៅអាមេរិក សម្រេចបានប្រមាណ៥ពាន់លានដុល្លារ

43

 

ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជាទៅអាមេរិក ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ សម្រេចបានប្រមាណជាង ៥ពាន់លានដុល្លារ កើនឡើងចំនួន៤៧.៣ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលមានប្រមាណជាង៣ពាន់លានដុល្លារ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅអាមេរិក ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៥ ៦៩៥លានដុល្លារ កើនឡើងចំនួន៤៧.៣ភាគរយ ចំពោះការនាំចូលពីអាមេរិកមកកម្ពុជាវិញ មានទឹកប្រាក់ចំនួន ១៩៦លានដុល្លារ កើនឡើងចំនួន៣.២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានទឹកប្រាក់១៩០លានដុល្លារ។

មុខទំនិញដែលកម្ពុជា នាំចេញភាគច្រើនមានដូចជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ បន្ទះសឡា និងផលិតផលកសិកម្ម។ ចំណែកមុខទំនិញ សំខាន់ៗដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកវិញ មានដូចជា៖ រថយន្ត, គ្រឿងចក្រ, គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខាពេទ្យជាដើម។
ប្រទេសដែលកម្ពុជានាំចេញច្រើន បន្ទាប់ពីសហរដ្ឋអាមេរិកមាន គឺប្រទេសវៀតណាម មានចំនួន ១ ៣២៦លានដុល្លារ, ប្រទេសចិន មានចំនួន ៧០១លានដុល្លារ, ប្រទេសកាណាដា មានចំនួន៦៩០លានដុល្លារ, ប្រទេសជប៉ុន មានចំនួន ៦៦៧លានដុល្លារ និងប្រទេសថៃ មានចំនួន ៥៥៩លានដុល្លារ។

គូសបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានកំណើនគួរឲ្យកត់សម្គាល់ ដោយក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង ៧ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន ៧ ៤៩០លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានជាង ៣៣៦លានដុល្លារ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង