ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ស្នើអោយអាជ្ញាធររាជធានី គ្រប់គ្រងសំណង់ បន្តដាំដើមឈើលើកកំពស់បរិស្ថាន និងបន្តការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ

62

ភ្នំពេញ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានស្នើអោយអាជ្ញាធររាជធានីភ្នំពេញ គ្រប់គ្រងសំណង់អោយបានត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស បន្តដាំដើមឈើនៅតាមទីសាធារណៈ លើកកំពស់បរិស្ថានដោយត្រូវបំផុសប្រជាពលរដ្ឋ អោយវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវនិងជម្រុញអោយក្រុមហ៊ុន ប្រមូលសំរាមទាន់ពេលវេលា បើទោះបីក្រុមហ៊ុនប្រមូលសំរាមទាំង៣ បានអនុវត្តការងារល្អជាងមុនហើយក្តី។ បន្ថែមពីនេះ ត្រូវបន្តការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយល្អប្រសើរថែមទៀត។

  ការស្នើបែបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ សីហា ក្នុងពិធីប្រកាសតែងតាំងអភិបាលរងរាជធានីភ្នំពេញចំនួន៣រូប  នៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយអភិបាលរងរាជធានីភ្នំពេញចំនួន៣រូប ដែលត្រូវប្រកាសចូលកាន់តំណែងនេះ រួមមាន៖ លោក ឃ្លាំង ហួត អតីតជាអភិបាលខណ្ឌជ្រោយចង្វា មកជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ , លោក សុខ ពេញវុធ អតីតអភិបាលខណ្ឌដូនពេញ មកជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ហ៊ុន សុរិទ្ធី អតីតអគ្គនាយករង អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ

  លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា តាមច្បាប់ថ្មីរដ្ឋបាលរាជធានីភ្នំពេញនឹងត្រូវបន្ថែមអភិបាលរង ចំនួន៤រូបទៀត ដើម្បីបំរើសង្គមជាតិនិងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ  តែពេលនេះយើងបានប្រកាសតែងតាំងចំនួន៣រូបសិន នៅសល់មួយរូបទៀត យើងនិងរៀបចំឡើងបន្តទៀត។ ដូច្នេះទេ សម្រាប់អភិបាលរងទាំង៣រូបដែលបានតែងតាំងថ្មីនេះ ត្រូវបំពេញការងារអោយបានល្អជូនរដ្ឋបាលរាជធានី ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងដើម្បីធ្វើអោយរាជធានីភ្នំពេញ កាន់តែរីកចំរើននិងកាន់តែមានសោភណ្ឌភាព។

  លោក សក់ សេដ្ឋា ក៏បានធ្វើការណែនាំអោយរដ្ឋបាលរាជធានីភ្នំពេញ បន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកំពស់ជីវភាពប្រជាពលរដ្ឋនិងបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់នៅក្នុងសង្គម ចំពោះកម្លាំងប្រដាប់អាវុធ ក្នុងជួរគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវបន្តគ្រប់គ្រងសភាពការណ៍ ទប់ស្កាត់បទល្មើសនានាអោយបានល្អ និងបំផុសប្រជាពលរដ្ឋអោយចូលរួមអនុវត្តធ្វើយ៉ាងណាអោយភូមិ សង្កាត់ មានសុវត្ថិភាព។

    គួរបញ្ជាក់ថា៖ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមកនេះមានចំនួន៦រូប ក្នុងនោះរួមមាន៖ លោកកើត  ឆែ ,លោក មាន ចាន់យ៉ាដា លោកហួត ហៃ  ,លោកស្រី កែវ សុខពិសី ,លោក

ស៊ុយ សេរិទ្ធ និងលោកនួន ផារ័ត្ន ។តែពេលនេះត្រូវបានបន្ថែមអោយមកកាន់តួនាទីនេះចំនួន៣រូបបន្ថែមទៀតមានន័យថា អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ពេលនេះមានចំនួន៩រូបហើយ ដើម្បីបំរើសង្គមជាតិនិងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ខណៈ

ដែលថ្នាក់ជាតិបានប្រតិភូកម្ម វិស័យជាច្រើនមកអោយថ្នាក់ក្រោមជាតិអនុវត្តក្នុងការផ្តល់សេវាអោយកាន់តែកៀកកិតជាមួយប្រជាពលរដ្ឋ៕

 

អត្ថបទដែលជាប់ទាក់ទង