ថ្ងៃទី២៣កញ្ញានេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងចំនួន១៧៥គ្រឿង សំរាប់ដឹកជញ្ជូន ប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដោយមិនយកប្រាក់
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញសូមស្វាគមន៏ ដោយក្តីញញឹមក្នុងការបំរើបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដោយគោរពតាមអនុសាសន៏ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកព្រលឹមថ្ងៃទី២៣កញ្ញានេះ ឯ.ឧឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅពិនិត្យមើលសកម្មភាពការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ កម្មករ កម្មការនីសិស្សនិសិ្សតទាំងអស់ ដែលកំពុងធ្វើដំណើរទៅស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន១៧៥គ្រឿង សំរាប់បំរើសេវាដឹកជញ្ជូនបងប្អូន រយះពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។
រថយន្តក្រុងទាំង១៧៥គ្រឿងរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានបែងចែកសំរាប់ ដឹកជញ្ជូនប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញ តាមច្រកចេញចូលរាជធានីភ្នំពេញ គឺតាមតម្រាយផ្លូវជាតិទាំង៦ចេញទៅបណ្តាខេត្តក្រុងនានាចំនួន១២០គ្រឿង ។
សូមបញ្ជាក់ថា៖សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តចំនួយ៥៥គ្រឿង។ ការចេញដំណើរចាប់ពីម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៣កញ្ញានេះ។ ឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលបានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ ទៅលេងស្រុកនាព្រឹកថ្ងៃទី២៣កញ្ញា នេះ បានថ្លែងថា៖ អនុវត្តតាមអនុសាសន៏របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជូន រថយន្តចំនួន១៧៥គ្រឿងទៅ១៨០គ្រឿង ចាំដឹកបងប្អូនប្រជាពលរដ្ឋ ទៅស្រុកកំណើតតាមបណ្តាខេត្ត ក្រុងនានាក្នុងឧិកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយមិនយកប្រាក់ទាំងទៅទាំងមក។ នេះជាការគិតគូរបស់សម្តេចតេជោហ៊ុនសែន ក្នុងការសម្រាលការចំណាយរបស់បងប្អូនប្រជាពលរដ្ឋយើង ក្នុងពេលទៅលេងស្រុកកំណើតនាឧិកាសនេះ។
ឯ.ឧបន្តថា៖ការអនុវត្តការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយរថយន្តក្រុងដោយមិនយកប្រាក់ ក៏ជាការរួមចំណែកកាត់បន្ថយការ តម្លើងថ្លៃរថយន្តដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួន ដែលតែងតម្លើងថ្លៃធ្វើដំណើរនៅពេលមានបុណ្យទានម្តងៗ។ ឯ.ឧបន្ថែមទៀតថា ៖ភ្ជុំឆ្នាំនេះ យើងឃើញបងប្អូនប្រជាពលរដ្ឋ បានសំរុកទៅលេងស្រុកកំណើត តាមរយះរថយន្តក្រុងដឹកអ្នកដំណើរ របស់រដ្ឋបាលរាជធានីភ្នំពេញមានសន្ទុះកើនឡើង ដោយបងប្អូនបានយល់ឃើញថា រថយន្តក្រុងដឹកអ្នកដំណើររបស់យើងងាយស្រួលជិះ, មានផាសុកភាព ,មានសុវត្ថិភាព និងជិៈមិនបង់ប្រាក់ថែមទៀត។ តាមរយះឯ.ឧឃួង ស្រេង បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលជានិច្ចកាលតែងបានគិតគូពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពិសេសនៅពេលប្រជាពលរដ្ឋជួប ការលំបាកគឺមានសម្តេចនៅក្បែរបងប្អូនជានិច្ច៕