ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធាន​ផ្នែក​ត្រួតពិនិត្យ​ ធនាគារ​ហត្ថាម្នាក់ បញ្ជូន​ទៅ​តុលាការ រឿង​ស៊ីដាច់​ប្រាក់​ជាង​៦​០ម៉ឺន​ដុល្លារ

96

ភ្នំពេញ ៖ ប្រធាន​ផ្នែក​ត្រួតពិនិត្យ និង​ប្រតិបត្តិការ នៃ​ធនាគារ​ហត្ថា ម​.​ក ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ដោយ​ជាប់ចោទ​ពី​បទ (​រំ​លោភលើ​ទំនុកចិត្ត​ពិសេស ដោយ​អភិបាល ឬ​បុគ្គល​ផ្សេង​ទៀត លួច​ចូល​ទៅ​ដល់ ឬ​ស្ថិត​នៅ​នឹង​ប្រព័ន្ធ​ប្រ​តិ​ប្រព្រឹត្ត​កម្ម​ស្វ័យប្រវត្ត​នៃ​ទិ​ន្ទ​ន័យ និង​បញ្ចូល លុប បំបាត់ ឬ​កែប្រែ​ដោយ​ទុច្ចរិត​នូវ​ទិ​ន្នន័យ​) និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺជា​ការ​លួច​ប្រាក់​របស់​ធនាគារ​អស់​រាប់​សែន​ដុល្លារ ដោយ​យក​ទៅ​លេងល្បែង​ស៊ីសង បៀរ​ប៉ក់ តាម​អន​ឡាញ​ក្នុង​ទូរស័ព្ទ​ដៃ​។

ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ស្រ៊ុ​ន សា​វុ​ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​ក្រុមហ៊ុន​ធនាគារ​ហត្ថា ម​.​ក មាន​ទីលំនៅ​ផ្លូវ​BT សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ឈ្មោះ ស្រ៊ុ​ន សា​វុ​ធ គឺជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ធនាគារ​ហត្ថា ម​.​ក ការិយាល័យ​កណ្តាល ជា​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​ប្រតិបត្តិការ​ជាន់ខ្ពស់ ដែល​មាន​តួនាទី​ពិនិត្យ​រាល់​ប្រតិបត្តិការ​ឯកសារ ព័ត៌មាន​ទាក់ទង​អតិថិជន​គ្រប់​ប្រតិបត្តិការ​សាខា​របស់​ធនាគារ ទាំង​ទៅ​លើ​ឯកសារ និង​នៅ​ក្នុង​ប្រព័ន្ធ​។ ផ្ទុយ​ទៅ​វិញ ឈ្មោះ ស្រ៊ុ ន សា​វុ​ធ បាន​ប្រព្រឹត្ត​ខុស​ពី​គោលការណ៍ និង​ការ​ហាមឃាត់​ដាច់ខាត​របស់​ធនាគារ ដោយ​បាន​លួច​ធ្វើការ​កែប្រែ​ព័ត៌មាន​របស់​អតិថិជន​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ ដើម្បី​អាច​មាន​សិទ្ធិ​យក​គណនី​របស់​អតិថិជន​ទៅ​គ្រប់គ្រង និង​លួច​ដក​ប្រាក់​របស់​អតិថិជន ដោយ​ការ​ផ្ទេរ​ប្រាក់​ចេញពី​គណនី​របស់​អតិថិជន​តាម​រយៈ​ការ​តម្លើង​កម្មវិធី​ធនាគារ​ចល័ត​នៅ​ទូរស័ព្ទ​ដៃ​។

ករណី​ដូច​បាន​រៀបរាប់​ខាងលើ​នេះ ទើប​អ្នកគ្រប់គ្រង​ធនាគារ បាន​ស្រាវជ្រាវ​រក​ឃើញ​ថា ឈ្មោះ ស្រ៊ុ​ន សា​វុ​ធ ជា​អ្នក​កែប្រែ​ព័ត៌មាន និង​លួច​ដក​ប្រាក់​របស់​អតិថិជន​ចំនួន​៦​គណនី ដែល​មាន​ទឹកប្រាក់​បាត់បង់​ចំនួន ៦៥៥ ៤៦៥ ដុល្លារ​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ ដូច្នោះ​ហើយ​ត្រូវ​បាន​អ្នកគ្រប់គ្រង​ធនាគារប្តឹង និង​ឃាត់ខ្លួន​ជនសង្ស័យ​នាំ ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ក៏​បាន​សារភាព​ដែរ​ថា ខ្លួន​បាន​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​ធនាគារ​ហត្ថា តាំងពី​ឆ្នាំ​២០១១ ដោយ​មាន​តួនាទី​ជា​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​ការ​ប្រតិបត្តិ ទទួល​បាន​ប្រាក់ខែ​៨៣០​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​ឧ​ប​ត្ថ​ម​ផ្សេង​ៗ​ទៀត​។ លុះ​មក​ដល់​ឆ្នាំ​២០២២ គេ​បាន​ធ្លាក់ខ្លួន​ជា​មនុស្ស​វក់​នឹង​ល្បែងស៊ីសង បៀរ​ប៉ក់ តាម​អន​ឡាញ លេង​ក្នុង​ទូរស័ព្ទ​ដៃ ហើយ​ក៏​បាន​ចាញ់​ប្រាក់​អស់​ជា​បន្តបន្ទាប់ ដោយសារ​ចង់បាន​ប្រាក់​នោះ​ត្រឡប់​មក​វិញ​។ នៅ​អំឡុង​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២២ ខ្លួន​បែកគំនិត​បង្កើត​គណនី​ធនាគារ​ចំនួន​២ Mbile Banking ហើយ​បាន​ភ្ជាប់​អតិថិជន​ផ្សេង​ៗ​ដែល​ប្រើប្រាស់​ធនាគារ​ហត្ថា ឲ្យ​ចូលរួម​ជាមួយ រួច​ផ្ទេរ​ប្រាក់​ទៅ​គណនី វី​ង និង ABA របស់​ខ្លួន​។

ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បន្ត​ថា បើ​គិត​ទៅ​ខ្លួន​បាន​ផ្ទេរ​ប្រាក់ (​លួច​) ដោយ​គ្មាន​ការ​អនុ​ញ្ញាត​ពី​អ្នកគ្រប់គ្រង​ធនាគារ យក​ទៅ​ប្រព្រឹត្ត​លេងល្បែងស៊ីសងអស់​សរុប​ជាង​៦០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទដែលជាប់ទាក់ទង