ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសចូលកាន់តំណែង ចៅសង្កាត់ព្រែកឯងថ្មី និងផ្លាស់ប្ដូវមុខតំណែងមន្ត្រីមួយចំនួន

80

ភ្នំពេញ ៖ នៅរសៀល,ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌច្បារអំពៅ បានរៀបចំពិធីប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ថ្មីនៃសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅក្រោមអធិបតីភាព លោក អ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ប្រារព្ធពិធីនៅក្នុងបរិវេណសាលាសង្កាត់ព្រែកឯង ។
ពិធីប្រកាសនោះគឺលោក សម សុធារី ជាចៅសង្កាត់ព្រែកឯងថ្មី តាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខា ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយជំនួសចៅសង្កាត់ចាស់ លោក នេត្រ សារ៉ែន ដែលបានដាក់ពាក្យឈប់សំរាកពីការងារ ដោយសារបញ្ហាសុខភាព ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ ណែនាំដល់មន្ត្រីរដ្ឋបាលខណ្ឌក្រោមឱវាទទាំងអស់ ត្រូវខិតខំបន្តថែរក្សាអោយបានល្អ នូវសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំយ៉ាងលំបាក ដោយបានលះបង់ ទាំងកម្លាំងកាយចិត្ត កម្លាំងជីវិត ដើម្បីយកមកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស អោយរស់នៅប្រកបដោយសុខុដុមរមនា ដល់សព្វថ្ងៃនេះ ស្របទៅនឹង ពាក្យស្លោកមួយឃ្លារបស់ប្រមុខថ្នាក់ដឹកនាំ គឺ «អរគុណសន្តិភាព» ។

ប្រសាសន៍លើកឡើង របស់លោកអភិបាលខណ្ឌច្បារអំអំពៅខាងលើនេះ ថ្លែងឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការណ៍ ចៅសង្កាត់ព្រែកឯងថ្មី នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានចូលរួមពីអស់លោក លោកស្រី អភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីចំណុះជំនាញ នៃរដ្ឋបាលខណ្ឌ រួមទាំងបងប្អូនពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកឯង ជាច្រើនទៀតផងដែរ ។

ក្នុងឱកាសដែរនោះ លោក ចេង មុនីរ៉ា បានណែនាំ អោយពិនិត្យលើកិច្ចការងារស្នូលមួយចំនួន ដែលជាការងារចាំបាច់ ត្រូវបម្រើកុំបីខានដល់ពលរដ្ឋ ។ ក្នុងនោះរួមមាន ៖ ត្រូវដោះស្រាយបញ្ហាទឹកលិច នៅតាមចិញ្ចើមផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកឯង ដោយរកវិធីដោះស្រាយអោយអស់ពីលទ្ធភាព, ត្រូវដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង នៅតំបន់ដែលមានការជន់លិច និងតំបន់ផ្សេងទៀត ដែលទទួលរងនូវការជនលិចដោយជំនន់ទឹកភ្លៀង, ដាក់ចេញនូវផែនការណ៍យុទ្ធសាស្ត្រ ក្នុងការលុបបំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ, ត្រូវខិតខំលុបបំបាត់គ្រឿងញៀន មុខសញ្ញាចោរលួច ចោរឆក់ និងក្មេងទំនើង ដោយដាក់វេនគ្នាប្រចាំការ និងចុះល្បាត ក្នុងមូលដ្ឋានជាប្រចាំ, ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ ដើម្បីជំរុញអោយប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់គ្នាៗ តាំងពីដូសមូលដ្ឋាន និងដូសជំរុញ, ត្រូវខិតខំផ្សព្វផ្សាយអោយបានទូលំទូលាយ ក្នុងការផ្តល់សេវាមូលដ្ឋានជូនប្រជាពលរដ្ឋ ដូចជាសៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ, ធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងហួសកាលបរិច្ឆេទ រួមទាំងផ្តល់សេវាលើឯកសារអត្រានុកូលដ្ឋាន និងត្រូវខិតខំពង្រឹងការងារសន្តិសុខ នៅក្នុងមូលដ្ឋានអោយបានប្រសើឡើងថែមទៀត តាមរយៈការរួមគ្នាអនុវត្តគោលនយោបាយ (ភូមិ-សង្កាត់ មានសុវត្ថិភាព) អោយមានប្រសិទ្ធភាព ។

ជាមួយគ្នានោះ លោកអភិបាលខណ្ឌ បានក្រើនរំលឹកបំផុត ក្នុងការណែនាំអោយមន្ត្រីក្រោមឱវាទទាំងអស់ មិនថា តែរដ្ឋបាលសង្កាត់ព្រែកឯងឡើយ គឺត្រូវខិតខំអោយបានខ្ពស់ ប្រកបដោយស្មារតី និងឆន្ទះស្នេហាជាតិមាតុភូមិ ក្នុងការការពារ ក៏ដូចជាថែរក្សា នូវសន្តិភាព ដែលប្រមុខថ្នាក់ដឹកនាំប្រទេស គឺសម្តេចតេជោ ហ៊ុនសែន ដែលបានលះបង់កម្លាំងកាយចិត្ត និងមិនសោកស្តាយ សូម្បីជីវិត ក្នុងការធ្វើអោយសន្តិភាពទូទាំងប្រទេស ប្រជាពលរដ្ឋរស់បានសុខសាន្តដូចសព្វថ្ងៃនេះ ។
គួរបញ្ជាក់ដែរថាក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ គណៈនាយករដ្ឋបាល ប្រធានការិ.ចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ ចៅសង្កាត់ ចៅសង្កាត់រង និងប្រធានភូមិទាំង៩ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ព្រែកឯង៕

អត្ថបទដែលជាប់ទាក់ទង