ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការសុខភាពពិភពលោក បានចូលរួមចំណែក អភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា

58

 

សៀមរាប៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នាសណ្ឋាគារសុខាអង្គរខេត្តសៀមរាប ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល រួមជាមួយលោកស្រីបណ្ឌិត Corinne Capuano នាយកគ្រប់គ្រងកម្មវិធី នៃអង្គការសុខ ភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកា ថ្នាក់តំបន់លើកទី៤ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ី- ហ្វិកខាងលិច ដែលត្រូវបានរៀបចំក្នុងទម្រងហាយប្រីដ វេទិកានេះរៀបចំឡើងក្នុងគោលបំណងចែក រំលែកមេរៀនជាបទពិសោធន៍ ក្នុងចំណោមប្រទេសជាសមាជិក របស់អង្គការសុខភាពពិភពលោកប្រចាំ តំបន់ប៉ាស៊ីហ្វិកខាងលិច ជាពិសេសលើការងារថែទាំសុខភាពបឋម និងការទប់ស្កាត់ការរាលដាលនៃជំងឺ កូវីដ-១៩ ដែលមានអ្នកចូលរួមមកពីប្រទេសជាសមាជិកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិក ខាងលិច ដែលមានមជ្ឈមណ្ឌលសហប្រតិបត្តិការ សរុបជាង២០០នាក់។ អង្គការសុខភាពពិភពលោក បាន និងកំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់សុខភាព ប្រជាពលរដ្ឋ ដោយគាំទ្រដល់ការអភិវឌ្ឍន៍ និងការអនុវត្តគោលនយោបាយសុខភាពយ៉ាងមាំ និងផ្តល់ប្រឹក្សា បច្ចេកទេសក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ និងការផ្តល់សេវាសុខភាពប្រកបដោយគុណភាព សមធម៌ និងចីរភាព។

នៅក្នុងពិធីបើកវេទិកាថ្នាក់តំបន់លើកទី៤នោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូស រំលេចថា កម្ពុជាបានបើកប្រទេសឡើងវិញទាំងស្រុងនូវសកម្មភាពសេដ្ឋកិច្ចសង្គម តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ដែលសមិទ្ធផលទាំងនេះ កើតឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមាន ការគាំទ្រពីអង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់ ព្រមទាំងមានការចូលរួមរបស់សង្គម ជាតិទាំងមូល ធ្វើឱ្យប្រទេសកម្ពុជាបានទទួលជោគជ័យលើសមរភូមិគ្រប់គ្រងឆ្លើយតបនឹងជំងឺកូវីដ-១៩ និងធានាបានភាពធនប្រព័ន្ធសុខាភិបាល ជាពិសេសការផ្តល់សេវាជាសារវន្តនៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែ ពិភពលោកយើងអាចទទួលជោគជ័យទាំងស្រុង លើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ លុះត្រាតែប្រទេសទាំង អស់រួមសហការ សាមគ្គីគា្នជាធ្លុងមួយ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងបន្ថែមថា “យើងមានមោទនភាពដែលកម្ពុជា ជាប្រទេសគំរូ សម្រាប់ប្រទេសមានធនធានតិច និងប្រទេសដែលទើបជៀសផុតពីសង្គ្រាមអាចសម្រេចគោលដៅសុខភាព បានយ៉ាងឆាប់រហ័ស។ វឌ្ឍនភាព និងគំនិតច្នៃប្រឌិត ក្នុងការផ្តល់ហិរញ្ញប្បទានសុខាភិបាល និងការផ្តល់សេវាបានចូលរួមចំណែកដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សផ្នែកសុខាភិបាល ដែលធ្វើឱ្យកម្ពុជា ក្លាយទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសមួយចំនួនតូច នៅលើពិភពលោក ដែលសម្រេចបាននូវសមិទ្ធ ផលនេះ។ ដោយមានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើឱ្យប្រសើរ ឡើងយ៉ាងឆាប់រហ័សនូវហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស បន្តការខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ គុណភាពសេវាសុខាភិបាល ដាក់បញ្ចូលកម្មវិធីការផ្តល់ហិរញ្ញប្បទានផ្អែកលើលទ្ធផលការងារ និងការខិតខំ ពង្រឹងបទប្បញ្ញត្តិនានា និងការធ្វើទំនើបកម្មនវានុវត្តន៍បច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក ដែលបានចូលរួមចំណែក អភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា ជាក់ស្ដែង យុទ្ធសាស្ត្រសហប្រតិបត្តិការសម្រាប់ប្រទេសរបស់ WHO ត្រូវបានធ្វើឱ្យមានសង្កត់ភាពជាមួយផែនការយុទ្ធសាស្ត្រសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈាន ទៅសម្រេចបានការគ្របដណ្ដប់សុខភាពជាសកល។ អង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាបាន និងកំពុងជួយឧបត្ថម្ភ គាំទ្រវិស័យសុខាភិបាលនៅកម្ពុជាទាំងបច្ចេកទេស និងថវិកា ជាពិសេសក្នុងអំឡុង ពេលនៃការរាតត្បាតដោយជំងឺកូវីដ-១៩ WHO បានផ្ដល់នូវការគាំទ្រ ទាំងការពង្រឹងសមត្ថភាពធនធាន មនុស្សការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្គត់ផ្គង់៖ ១) ការត្រៀមរៀបចំ និងឆ្លើយតបចំពោះការរាតត្បាតជា សកលនៃជំងឺកូវីដ-១៩ និងការពង្រឹងសមត្ថភាពស្នូលសម្រាប់គ្រប់គ្រងគ្រោះអាសន្ន និងការគំរាមកំហែង សន្តិសុខសុខភាព ២) ការធានាសេវាសុខភាពជាសារវន្ត អំឡុងពេលរាតត្បាតជំងឺជាសកល ដូចជា ការលុប បំបាត់ជំងឺគ្រុនចាញ់ជំហានចុងក្រោយ ជំងឺរបេង ជំងឺអេដស៍ និងជំងឺរលាកថ្លើម ជំងឺដែលអាចបង្ការបាន ដោយវ៉ាក់សាំង ជំងឺមិនឆ្លងនិងការលើកកម្ពស់សុខភាព ការគ្របដណ្តប់សុខភាពជាសកល តាមរយៈការ ផ្ដោតឡើងវិញទៅលើការថែទាំសុខភាពបឋម។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលសហប្រតិបត្តិការ របស់អង្គការសុខភាព ពិភពលោក បានផ្ដល់ការគាំទ្រទាំងដោយផ្ទាល់ និងដោយប្រយោលដល់ប្រទេសជាច្រើនក្នុងតំបន់។ មជ្ឈមណ្ឌលបានរួមចំណែកដល់ការងារសំខាន់ៗរបស់អង្គការសុខភាពពិភពលោកនៅក្នុងតំបន់របស់ យើង និងនៅទូទាំងពិភពលោក ដូចជាមជ្ឈមណ្ឌលសហប្រតិបត្តិការរបស់អង្គការសុខភាពពិភពលោក សម្រាប់ការស្រាវជ្រាវ និងបង្អែក (WHO Collaborating Centre for Reference and Research) នៅប្រទេស អូស្ត្រាលី បានផ្ដល់ការបណ្តុះបណ្តាលអំពីផ្ដាសាយធំទៅដល់បុគ្គលិកមន្ទីរពិសោធន៍កម្ពុជា។ WCC នៅ ប្រទេសជប៉ុន បានផ្ដល់ជំនួយផ្នែកបច្ចេកទេសដល់មន្ទីរពិសោធន៍បង្អែកសកល សម្រាប់ជំងឺគ្រុនស្វិតដៃ ជើង និងការធ្វើតេស្តរោគវិនិច្ឆ័យសម្រាប់ប្រទេសនានារួមទាំងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បាន សម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានឆ្លើយតប និងទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយជោគជ័យ ដែលអាចឱ្យកម្ពុជាបើកដំណើរការប្រទេសឡើងវិញ លើគ្រប់វិស័យ។ ឯកឧត្តមអគ្គនាយកបានថ្លែងអំណរគុណកម្ពុជាដែលបានអនុញ្ញាតទទួលធ្វើជាម្ចាស់ផ្ទះ វេទិកាលើកទី៤នេះ ដែលបានអាក់ខានតាំងពីឆ្នាំ២០២០។ ឯកឧត្តមអគ្គនាយក ក៏បានគូសរំលេចនូវតួនាទីដ៏មានសារៈសំខាន់របស់មជ្ឈមណ្ឌលសហប្រតិបត្តិការទាំងចំនួន ៨០០ នៃប្រទេសជាសមាជិកចំនួនជាង៨០ ទូទាំងពិភពលោក និងប្រមាណ២០០ កន្លែងនៅតំបន់ប៉ាស៊ីហ្វិកខាងលិច។

លោកជំទាវបណ្ឌិត Jakab អគ្គនាយករងអង្គការសុខភាពពិភពលោកថ្នាក់កណ្ដាល និងជា មន្ត្រីទទួលបន្ទុកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានគូសរំលេចថា ទស្សនៈវិស័យរបស់អង្គការសុខភាពពិភពលោក ស្តីពីអនាគតសម្រាប់ទាំងអស់គ្នាត្រូវបានអនុម័ តដោយប្រទេសជាសមាជិកតំបន់ប៉ាស៊ីហ្វិកខាងលិច កាលពីឆ្នាំ២០១៩ ហើយត្រូវបាននឹងកំពុងជំរុញ ការអនុវត្តជាក់ស្ដែង។

លោកស្រីបណ្ឌិត Corinne Capuano នាយកគ្រប់គ្រងកម្មវិធី នៃអង្គការសុខភាពពិភពលោក ប្រចាំ តំបន់ប៉ាស៊ីហ្វិកខាងលិច បានថ្លែងអំណរគុណក្រសួងសុខាភិបាលកម្ពុជា ដែលបានសហការគាំទ្រ អង្គការ សុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច រៀបចំវេទិកាថ្នាក់តំបន់លើកទី៤ របស់មជ្ឈមណ្ឌល សហប្រតិបត្តិការ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។ លោកស្រីនាយក គ្រប់គ្រងកម្មវិធី បានរំលឹកអំពីអាទិភាពដែលបានលើកឡើងតាំងពីវេទិកាលើកទី១ រួមមាន៖ សន្តិសុខសុខ ភាព (ភាពស៊ាំឱសថប្រឆាំងមេរោគ) ជំងឺមិនឆ្លងនិងភាពចាស់ជរា ការប្រែប្រួលអាកាសធាតុ សុខភាពនិង បរិស្ថាន ការធានាមិនឱ្យនរណាម្នាក់ត្រូវបានបោះបង់ចោលដោយមិនទទួលបានសេវាថែទាំសុខភាព អាច សម្រេចបានលុះត្រាតែមានការគាំទ្រ ជំរុញការអនុវត្តដោយតម្រៀបតម្រឹមជាមួយផែនការ និងគោល នយោបាយសុខាភិបាលរបស់ប្រទេសជាសមាជិកនីមួយៗ៕

អត្ថបទដែលជាប់ទាក់ទង