ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លឹបអ្នកកាសែតកម្ពុជា ចេញសេចក្ដីថ្លែងការណ៍រួម វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ ស្តីពី «ការពង្រឹង យន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»

52

 

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ក្លឹបអ្នកកាសែតកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួម វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី១៩ ស្តីពី «ការពង្រឹង យន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។

ថ្ងៃនេះយើងទាំងអស់គ្នាដែលជា ចាងហ្វាង និពន្ធនាយក តំណាងសមាគម និងជាអ្នកដឹកនាំ សារព័ត៌មានសរុបចំនួន ៩២ នាក់មកពី ៦០. អង្គភាពបានជួបជុំគ្នាក្នុងវេទិកានិពន្ធនាយកសារព័ត៌មាន កម្ពុជា ( វ.ន.ស.ក.) លើកទី១៩ ដើម្បីជជែកពិភាក្សា និងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី «ការពង្រឹង យន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។ ក្រោយពីបានពិភាក្សាយ៉ាងផុលផុស យើងទាំងអស់គ្នាបានអនុម័តសេចក្តីថ្លែងការណ៍រួមដែលមានអត្ថន័យដូចខាងក្រោម៖

១- វ.ន.ស.ក. យល់ឃើញថា ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានពិតជាមានសារ សំខាន់ណាស់ក្នុងការលើកស្ទួយតម្លៃរបស់អ្នកសារព័ត៌មាន និងជំនឿរបស់មហាជនមកលើសារ ព័ត៌មាន ជាពិសេសក្នុងបរិបទនៃការរីកដុះដាលខ្លាំងនៃសារព័ត៌មានអនឡាញ បណ្ដាញសង្គម។

២- វ.ន.ស.ក. យល់ឃើញថា ក្លិប ឬសមាគមអ្នកសារព័ត៌មានដែលមានសព្វថ្ងៃ គ្មានឥទ្ធិពលគ្រប់គ្រាន់ក្នុងការតម្រង់ទិសអ្នកសារព័ត៌មានទាំងអស់ ឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឲ្យបាន ត្រឹមត្រូវនោះឡើយ ដោយសារតែក្លិប និងសមាគមទាំងអស់គ្មានសិទ្ធិស្របច្បាប់ ឬឥទ្ធិពលស្ដីបន្ទោស ណែនាំ ព្រមានដល់អ្នកប្រកបអាជីពសារព័ត៌មាននៅពេលដែលពួកគេប្រព្រឹត្តខុស។

៣-វ.ន.ស.ក. យល់ឃើញថា គ្មាន បុគ្គល ណា ឬស្ថាប័នផ្សេងឯណាអាចមកដើរតួនាទីជំនួសអ្នកសារព័ត៌មានខ្លួនឯងក្នុងការតម្រែតម្រង់ ឬលើកស្ទួយតម្លៃវិជ្ជាជីវៈសារព័ត៌មានបានឡើយ។ ផ្ទុយទៅវិញ សាធារណជន ឬស្ថាប័នដទៃតែងតែរិះគន់យ៉ាងខ្លាំងនៅពេលដែលអ្នកសារព័ត៌មានមួយចំនួន ប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈ។

៤- វ.ន.ស.ក. យល់ឃើញថា ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមួយដែលមាន មុខងារច្បាស់លាស់ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលម្អវិជ្ជាជីវៈសារព័ត៌មានពិតជាតម្រូវ ការចាំបាច់សម្រាប់ស្ថានភាពសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្ន។

៥- ដោយសារ វ.ន.ស.ក. ធ្លាប់បានលើកប្រធានបទនេះមកពិភាក្សាម្តងហើយកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ក្នុង វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១០ ហើយក្លិបអ្នកកាសែតកម្ពុជាធ្លាប់បានពិភាក្សាជាមួយដៃគូពាក់ព័ន្ធជា ច្រើន និងក៏បានសិក្សាពីបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកអំពីក្រុមប្រឹក្សាសារព័ត៌មាន ឬក្រុមប្រឹក្សាក្រុមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដូច្នេះ វ.ន.ស.ក. យល់ឃើញថា ក្លិបអ្នកកាសែតកម្ពុជាគួរតែបន្តបេសកកម្មនេះរហូតទទួល បានជោគជ័យ។

៦- វ.ន.ស.ក. សូមអំពាវនាវដល់សមាគមអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ចូលរួមក្នុងក្រុមប្រឹក្សាក្រមសីលធម៌ សារព័ត៌មាននេះ ហើយគាំទ្រដំណើរការក្រុមប្រឹក្សានេះឱ្យប្រព្រឹត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព ពីព្រោះវា ពិតជាមានសារសំខាន់ណាស់សម្រាប់ការលើកកម្ពស់គុណភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានទាំងអស់ ឲ្យទទួលបាននូវ ការគោរព ផ្តល់តម្លៃពីសាធារណជន និងអាជ្ញាធរគ្រប់មជ្ឈដ្ឋាន។

៧- វ.ន.ស.ក យល់ឃើញថា បន្ទាប់ពីរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩. បិទបញ្ចប់ ក្លិបអ្នកកាសែតកម្ពុជា នឹងដើរតួនាទីជាអ្នកសម្របសម្រួល និងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យលទ្ធភាពរៀបចំបង្កើត ក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមួយ។

៨- វ.ន.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងព័ត៌មានដែលតែងតែគាំទ្រនូវរាល់គំនិតផ្តួចផ្តើមរបស់ វ.ន.ស.ក ជាពិសេសគំនិតផ្តួចផ្តើមស្តីពីការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីជាប្រយោជន៍ដល់ អ្នកសារព័ត៌មានទាំងអស់។

៩- វ.ន.ស.ក. សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានផ្ដល់តម្លៃដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា និងបានយកឱកាសនេះចេញសារលិខិតផ្ញើជូន” និពន្ធនាយក ចាងហ្វាង ក៏ដូចជាអ្នកប្រកបអាជីពវិជ្ជាជីវៈសារព័ត៌មាន ទាំងអស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង