ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកប្រជាពលរដ្ឋយកចិត្តទុកដាក់បង្ការជំងឺ កុំចាំដល់ឈឺបានស្វែងរកការព្យាបាល

13


ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់បង្ការជំងឺ កុំចាំដល់ឈឺបានស្វែងរកការព្យាបាល និងបានជំរុញប្រជាពលរដ្ឋលេងកីឡា ហាត់ប្រាណ ដើម្បីលើកកម្ពស់សុខុមាលភាព។ សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធជំងឺមហារីកឆ្នាំ២០២៥-២០៣០ នៅសណ្ឋាគារសូហ្វីតែល នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។
ទន្ទឹមគ្នានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំអាជ្ញាធរយកចិត្តទុកដាក់បង្កើតសួនសាធារណៈឱ្យពលរដ្ឋហាត់ប្រាណឱ្យបានកាន់តែច្រើន ដើម្បីសម្រួលដល់ការហាត់ប្រាណរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អគឺទ្រព្យរបស់គ្រួសារ និងរដ្ឋ ខណៈប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព គឺជាបន្ទុកសម្រាប់គ្រួសារ និងរដ្ឋដូចគ្នា ដូច្នេះការយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ ដើម្បីបង្ការជាមុន កុំឱ្យមានជំងឺគឺជាភាពចាំបាច់ដែលត្រូវមានការសហការណ៍ពីរដ្ឋ និងប្រជាពលរដ្ឋដូចគ្នា។
សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះថា៖ «ពូៗ ថ្នាក់ដឹកនាំមួយចំនួនគាត់ថា ជំនាន់អាព គេហាមមិនឱ្យយើងហូប ដល់ឥលូវមានហូបហើយពេទ្យហាមយើងទៀត តែការហូបចុកនេះត្រូវដឹងអំពីការកំណត់ថាយើងថែរក្សាសុខភាព ព្រោះតែមានបញ្ហាសុខភាពហើយលែងជាទ្រព្យហើយទៅជាបន្ទុករបស់គ្រួសារក៏ដោយ។ […] រួមគ្នាទាំងការបង្ការ ការអប់រំ និងការព្យាបាល ឱ្យទាន់ពេលវេលា ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋគឺធំណាស់ កុំចាំដល់ឈឺរត់ទៅរកឪពុក ម្ដាយ បង្ការកុំឱ្យឈឺតែម្ដង ហើយនេះគឺជាអ្វីដែលយើងអាចរួមគ្នាធ្វើបាន ជាមួយនឹងរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នទាំងអស់ ដើម្បីចូលរួមនេះគឺជាសារមួយសំខាន់។ ព្រោះសុខភាពរបស់ជាតិ គឺពឹងផ្អែកលើប្រជាជន ហើយសុខភាពរបស់ប្រជាជន គឺយើងរួមគ្នាត្រូវការពារ ទាំងប្រជាជន ទាំងរាជរដ្ឋាភិបាល ទាំងអាជ្ញាធរគ្រប់ថ្នាក់ទាំងអស់ ដែលអាចធ្វើបាន»។
រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយនៅក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋានីតិកាលទី៧ ក្នុងនោះ កម្មវិធីគោលនយោបាយ អាទិភាពទី១ គឺការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។
ខណៈផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០៣៥ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែឧសភា ឆ្នាំ២០២៤ បានកំណត់គោលដៅច្បាស់លាស់ចំនួន៣៖ ទី១. ពង្រីកវិសាលភាពគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធ គាំពារសុខភាពសង្គមឱ្យបាន៨០% នៃចំនួនពលរដ្ឋសរុប, ទី២. សន្ទស្សន៍គ្របដណ្តប់ សេវាសុខាភិបាលសារវន្ត យ៉ាងហោចណាស់៨០% និងទី៣. កាត់បន្ថយកម្រិតចំណាយ ពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅត្រឹម៣៥% នៃចំណាយសរុបលើការថែទាំសុខភាព៕

អត្ថបទដែលជាប់ទាក់ទង