ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពលួចវះតង់ភ្ញៀវទេសចរណ៍ ដើម្បីលួចយកសម្ភារៈនៅចំណុចឆ្នេរពយជំទាវម៉ៅ ខេត្តព្រះសីហនុ
(ព្រះសីហនុ)៖ កម្លាំងជំនាញនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសហការជាមួយកម្លាំង
នគរបាលប៉ុស្តិ៍ឃុំបិតត្រាំង ឃាត់ខ្លួនបុរសម្នាក់ ធ្វើសកម្មភាពលួចវះតង់យកសម្ភារៈ ដែលភ្ញៀវទេសចរណ៍មកលែងកំសាន្ត នៅចំណុចពយជំទាវម៉ៅ ក្បែរដើមឈើចាំស្នេហ៍ និងបន្ទប់ទឹកលេខ១១ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយពីម្ចាស់រាយការណ៍ទៅដល់អាជ្ញាធរមានសមត្ថកិច្ច ភ្លាមៗលោក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ ក៏បានដាក់បទបញ្ជារចុះទៅអន្តរាគមន៍ដល់ ទីតាំងកន្លែងកើតហេតុ ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២៖៣៥នាទីរំលងអាធ្រាត បុរសខាងលើនេះពិតជាបានធ្វើសកម្មភាពចូលមកលួចសម្ភារៈ និងទូរស័ព្ទរបស់ភ្ញៀវទេសចរណ៍ដែលចូលមកលេងកំសាន្តនិងបោះតង់នៅចំនុចខាងលើពិតមែន។
បច្ចុប្បន្នជនសង្ស័យត្រូវកម្មាំងប៉ុស្តិ៍នគរបាល ឃុំបិតត្រាំងយកទៅសាកសួរ ដើម្បីធ្វើការតាមនិតិវិធីនៃច្បាប់ និងរងចាំម្ចាស់ទៅដាក់ពាក់បណ្ដឹងតាមពេលក្រោយ៕