ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរមីនប្រកាសថា៖ នៅ ឃុំស្តុកនិងឃុំស្រង់ ខេត្តកំពង់ស្ពឺ ជាឃុំអស់មីនចាប់ពីពេលនេះ

97

 

កំពង់ស្ពឺ៖ អាជ្ញាធរមីន បានប្រកាសថា នៅ ឃុំស្តុក ដែលមានភូមិអង្គដូនតី, ត្រពាំងថ្ម និងភូមិរលាំងទឹក និងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសបិទការដ្ឋានបោសសម្អាតមីន និងប្រកាសជាឃុំអស់មីន ដែលធ្វើឡើងនៅ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅភូមិសាស្ត្រឃុំស្តុក ក្រោមអធិបតីភាព លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន។
លោក ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាប្រធានប្រតិបត្តិករបោសសម្អាតមីន បានថ្លែងថា បន្ទាប់ពីសង្គ្រាម ត្រូវបានបញ្ចប់ គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ត្រូវបាននៅសេសសល់កប់ក្នុងដី ដែលតែងតែបង្កជាហានិភ័យ ដល់អាយុជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិប្រជាជន។ ហេតុនេះហើយ ទើបអាជ្ញាធរមីនកម្ពុជា ផ្តល់សេចក្តីទុកចិត្ត និងសម្រេចប្រគល់ការដ្ឋានបោសសម្អាតមីន នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដើម្បីធ្វើប្រតិបត្តិការបោសសម្អាតមីន លើផ្ទៃដីធ្លាប់មានគ្រោះថ្នាក់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តន៍គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីនក្រោមប្រធានបទ “ផ្តល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម” និងដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥។
លោក សែម រតនា បានឱ្យដឹងថា មជ្ឈមណ្ឌលជាតិ បានធ្វើការបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅការដ្ឋានផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ មានទំហំផ្ទៃសរុប២,៥៦២,២៨៧ម៉ែត្រក្រឡា រួចរាល់ជាស្ថាពរ ដែលជាសមិទ្ធិផលទី១, សមិទ្ធិផលទី២ មជ្ឈមណ្ឌលជាតិបានធ្វើការ បោសសម្អាតមីននិងប្រកាសភូមិវាល ជាភូមិអស់មីន, ហើយសមិទ្ធិផលទី៣នេះ គឺមានចម្ការមីនចំនួន៥ ក្នុងភូមិសាស្ត្រឃុំស្រង់និងឃុំស្តុក ត្រូវបានប្រកាសថាអស់មីន នៅថ្ងៃនេះ ដែលការដ្ឋានចម្ការមីននេះ​គឺធ្វើការបោសសម្អាតមីនរយៈពេល៣ខែ ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ លើផ្ទៃដីសរុបចំនួន២៩៩,២៩៤ម៉ែត្រក្រឡា ដោយបានរកឃើញមីនប្រឆាំងមនុស្សជាតិនិងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤៩គ្រាប់និងអំបែងចំនួន៩៧៤ដុំ ដែលនេះសម្រាប់តែការងារសម្រាប់ខេត្តកំពង់ស្ពឺ។
លោក បញ្ជាក់ថា មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងក្របខណ្ឌអន្តរជាតិ បានចែករំលែកជំនាញនិងបទពិសោធន៍ តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចូលរួមបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្នុងភារកិច្ចបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាលក្ខណៈមនុស្សធម៌ នៅប្រទេសចំនួន៥ នៅទ្វីបអាហ្វ្រិក មជ្ឈឹមបូព៌ា និងអ៉ឺរ៉ុប រួមមានស៊ូដង់ ម៉ាលី សាយប្រឹស លីបង់ និងអាហ្វ្រិកកណ្តាល៕ សំរិត

អត្ថបទដែលជាប់ទាក់ទង