ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន លុប ស.ជ.ណ ចាប់ខ្លួនលោកស្រី សៀង ចាន់ហេង

293

 

ភ្នំពេញ៖ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយយ៉ាងព្រោងព្រាតពី ស.ជ.ណ ចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ដែលចេញកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣កន្លងទៅ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សេចក្តីណែនាំស្តីពីការចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ត្រូវបានលុបវិញហើយ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានថ្លែងសារលើផេកហ្វេសប៊ុកផ្លូវការថា “ថ្ងៃនេះមានការផ្សាយយ៉ាងព្រោងព្រាត នូវ ស.ជ.ណ ទាក់ទងជាមួយលោកស្រី សៀង ចាន់ហេង តាមសំណើររបស់សម្តេច ស ខេង និងការសម្រេចរបស់ខ្ញុំ កាលពីថ្ងៃ២៩ធ្នូ២០២២”។

សម្តេចបានបន្តថា “នៅថ្ងៃទី៩មករា២០២៣ តាមសំណើររបស់លោកស្រីសៀង ចាន់ហេង ខ្ញុំបានប្រគល់ជូនឯកឧត្តម ជា សុផារ៉ា ផ្តល់មតិដែលឯកសារនេះ មិនត្រូវបានផ្សព្វផ្សាយទេ។ ដើម្បីបញ្ចប់នូវភាពមិនច្បាស់លាស់មុនពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិខ្ញុំសម្រេចលុបចោលស.ជ.ណ លេខ១៨មយថ្ងៃទី៥មករា២០២៣ចាប់ពីម៉ោងនេះតទៅ។ ការសម្រេចយ៉ាងណាទៀតនិងធ្វើក្រោយ
ពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិ”។

សូមបញ្ជាក់ថា ទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វើលិខិតជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង។ នេះបើយោងតាមលិខិតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោកកែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី

ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ជូនសម្តេចក្រឡាហោម ស ខេង និងអភិបាលកណ្តាល ស្តីពីករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

យោង ៖ -លិខិតលេខ២៤៨៧ លស ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ

-លិខិតលេខ០០១ ខន/០២៣ សជណ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ របស់ខុទ្ទកាល័យសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនសម្ដេច ឯកឧត្តមមេត្តាជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ដូចខាងក្រោម៖

– អនុញ្ញាតឱ្យរដ្ឋបាលខេត្តកណ្តាលប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដូចមានចែង ក្នុងលិខិតលេខ២០៨១ ដនសស កណ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដែលឈ្មោះ ហ៊ុន ប៊ុនធឿន នឹងឈ្មោះ ខៀវ លន់ ជាម្ចាស់កម្មសិទ្ធិត្រឹមត្រូវតាមច្បាប់ និងចាត់ចែងប្រគល់ដីពាក់ព័ន្ធក្នុងគម្រោង ផែនការ សាងសង់ព្រលានយន្តហោះថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីទទួលប្រាក់គោលនយោបាយ និងបិទបញ្ចប់ការសើរើករណីនេះ

– ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង៕

អត្ថបទដែលជាប់ទាក់ទង