ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះករុណា ព្រះមហាក្សត្រ អំពាវនាវដល់ប្រជារាស្ត្រ ដែលមានសិទ្ធិបោះឆ្នោតសូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ កក្កដា ២០២៣

56

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះរាជបន្ទូលអំពាវនាវជាឱឡារិកជូនជនរួមជាតិ ជាពិសេសអ្នកមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងរីកចម្រើនរុងរឿងថ្កើនថ្កានលើគ្រប់វិស័យ។ នេះបើយោងតាមព្រះរាជសារព្រះករុណា ព្រះមហាក្សត្រ ដែលភ្នំពេញរីផតធ័រទទួលបាន នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ព្រះរាជសារព្រះករុណា បានបញ្ជាក់បន្ថែមថា៖ «ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ដូចនេះ សូមកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ»។

បន្ថែមពីលើនេះ ព្រះអង្គបញ្ជាក់បន្ថែមថា សូមជនរួមជាតិទាំងអស់មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ ឬគណបក្សនយោបាយណាមួយដោយសេរី។ សូមជនរួមជាតិទាំងអស់ ប្រកបតែនឹងព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងទទួលនូវសេចក្ដីគោរពស្នេហាដ៏ជ្រាលជ្រៅជាទីបំផុត អំពីព្រះអង្គ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង