ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលកិច្ចប្រជុំ រវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម

79

 

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំ រវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម។

ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និង ថ្នាក់ដឹកនាំកំពូលនៃគណបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយ ឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស បានជួបប្រជុំការងារនៅរដ្ឋធានីហាណូយន សាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំកំពូលនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីបង្កើនថែមទៀតនូវទំនាក់ ទំនងនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរឹងមាំ ស្ថិរភាព យូរអង្វែងរវាងគណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានធ្វើរបាយការណ៍ជូនគ្នាទៅវិញទៅមកអំពីស្ថានការណ៍របស់គណបក្សនិង ប្រទេសនីមួយៗ ក៏ដូចជាធ្វើការផ្លាស់ប្ដូរយោបល់អំពីស្ថានភាពតំបន់ និងពិភពលោក ជាពិសេស លទ្ធផលនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងគណបក្ស និងរដ្ឋនៃប្រទេសទាំងពីរនាពេល កន្លងមក និងបានដាក់ចេញទិសដៅកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគត។

ភាគីទាំងពីបន្តបញ្ជាក់អំពីទំនាក់ទំនងជាប្រពៃណី មិត្តភាពយ៉ាងជិតស្និទ្ធ ការជួយគ្ន ទៅវិញទៅមករវាងកម្ពុជា-វៀតណាម ក៏ដូចជារវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ក្នុងបុព្វហេតុតស៊ូដើម្បីរំដោះជាតិ និងប្រជាជន ការពារ ឯករាជ្យ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិនីមួយៗ។

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងគណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ដែលមានការរីកចម្រើនស៊ីជម្រៅឥតឈប់ឈរ លើគ្រប់វិស័យ ព្រមទាំងបានជូនពរគ្នាទៅវិញទៅមកចំពោះសមិទ្ធផលដ៏មានសារៈសំខាន់គ្រប់ វិស័យដែលប្រជាជននៃប្រទេសទាំងពីរសម្រេចបានក្នុងបេសកកម្មកសាង និងអភិវឌ្ឍន៍ជាតិ។

ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងកម្ពុជា- វៀតណាម ចំពោះសន្តិសុខ និងការអភិវឌ្ឍជាតិនៃប្រទេសនីមួយៗ ដើម្បីសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំទាំងពីរបានគាំទ្រយោបល់គ្នាទៅវិញទៅមក និង ឯកភាពបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងនយោបាយ រួមទាំងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបម្រើឱ្យបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិនីមួយៗ។

ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បាន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាអាទិភាព ហើយក៏បានលើកឡើងនូវ សំណូមពរ ដែលជាទិសដៅសម្រាប់គាំទ្រកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ ប្រទេសទាំងពីរ។

ក្នុងបរិបទនៃស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ការបង្កើនថែមទៀតនូវស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកលើ ទំនាក់ទំនងនយោបាយ គឺជាសសរស្ដម្ភដ៏មានសារៈសំខាន់បំផុត ដើម្បីពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ការទូត វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និង បច្ចេកទេស ដោយផ្អែកលើសក្តានុពល ធនធាន និងចំណុចខ្លាំងរបស់ប្រទេសនីមួយៗ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពក្នុងការជំរុញថែមទៀត នូវទំនាក់ទំនងរវាងគណបក្ស រដ្ឋ សភា ក្រសួងស្ថាប័ន អង្គការមហាជន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្តល់សារៈសំខាន់ចំពោះការបណ្ដុះបណ្តាលយុវជនបន្តវេន ដើម្បី រៀនសូត្រ និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក និងរួមចំណែកដល់ការពង្រឹងនិងពង្រីក ចំណងមិត្តភាពនៃប្រទេសទាំងពីរជាយូរអង្វែងតទៅ៕

អត្ថបទដែលជាប់ទាក់ទង