ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំ បើកការចរចាជុំទី៣ នៃកិច្ចព្រម ព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម

67

 

 

ភ្នំពេញ៖ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា និង លោកជូម៉ា អាល់ កាត (Juma AI Kait) អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនិងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគី អេមីរ៉ាតអារ៉ាប់រួម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រកាសបើកការចរចាជុំទី៣ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) កាលពីថ្ងៃអង្គា២កើត ផល្គុនឆ្នាំខាលចត្វាស័កព.ស. ២៥៦៦ត្រូវនឹងថ្ងៃទី២១កុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌុយបៃអេមីរ៉ាតអារ៉ាប់រួម។

នៅក្នុងឱកាសនោះ លោកស្រី រដ្ឋលេខាធិការ ក៏បានសម្ដែងក្តីសោមនស្សរីករាយ ដែលដំណើរការចរចាលើកិច្ចព្រមព្រៀង Cambodia-UAE CEPA បានឈានដល់ការចរចាជុំទី៣ បន្ទាប់ពីភាគីទាំងពីរសម្រេចបាននូវលទ្ធផលជាផ្លែផ្កា ក្នុងការចរចាជុំទី១ នៅអាប៊ុយដាប៊ី និងជុំទី២ នៅភ្នំពេញកន្លងទៅ ហើយ ភាគីទាំងពីរបានគាំទ្រចំពោះបំណង ដែលភាគីទាំងពីរ គ្រោងនឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀង Cambodia-UAE CEPA ឱ្យបានត្រឹមជុំទី៣នេះ និងឈានដល់ការប្រកាសបិទបញ្ចប់ ការចរចាជាផ្លូវការ នាពេលឆាប់ៗខាងមុខ។

ភាគីទាំងពីរក៏បានទទួលស្គាល់ថា កិច្ចព្រមព្រៀងCambodia-UAE CEPA នេះនឹងក្លាយជាកម្លាំងចលករ ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ ដែលនឹងជំរុញកំ ណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកប ដោយចីរភាព និងបរិយាប័ន្ន ។
ជាមួយគ្នានេះដែរលោក អនុរដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ផ្តល់ដោយភាគីកម្ពុជាកន្លងមក និង បាន គូសបញ្ជាក់អំពីសញ្ញាណជាវិជ្ជមានក្នុងពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានប្រមាណ៤០០ លានដុលា្លរអាម៉េរិក ក្នុងឆ្នាំ២០២២ កើន ឡើងប្រមាណ៣០ភាគរយ ធៀបនឹងឆ្នាំ២០២១ និងរំពឹងថាកិច្ចព្រមព្រៀង Cambodia-UAECEPA នឹងបន្តជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែកើន និងប្រសើរថែមទៀត។

ផ្អែកតាមវឌ្ឍនភាពការងារ ដែលសម្រេចបានចាប់តាំងពីការចរចាជុំទី២មក ភាគីទាំងពីរមានសុទិដ្ឋិនិយមថា ការចរចាលើអត្ថបទនៃកិច្ចព្រមព្រៀងCAM-UAECEPA អាចនឹងបញ្ចប់ទាំងស្រុងក្នុងការចរចាជុំទី៣នេះ រីឯការចរចាលើការបើកច្រកទីផ្សារនឹងអាចបញ្ចប់ ក្នុងអំឡុងអន្តរកិច្ចប្រជុំខាងមុខ ដែលអាចឱ្យភាគីទាំងពីរប្រកាសបញ្ចប់ការចរចា នាពេលខាងមុខ។ កិច្ចចរចានេះប្រព្រឹត្តទៅរយៈ ពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌុយបៃអេមីរ៉ាតអារ៉ាប់រួម ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង