ខឹងឪពុកមិនឲ្យយកម៉ូតូទៅជិះ កូនប្រុសចិត្តតិរច្ឆាន ផ្ទុះកំហឹង ស្ទុះទៅទាញយក កាំបិតផ្គាក់ មកកាប់លោកឪពុក បណ្តាលអោយរងរបួសធ្ងន់
ខេត្តឧត្តមានជ័យ ៖ កូនប្រុសតិរច្ឆានម្នាក់ ខឹងឪពុកមិនឲ្យយកម៉ូតូទៅជិះ ស្រាប់ផ្ទុះកំហឹង ស្ទុះទៅទាញយក កាំបិតផ្គាក់ មកកាប់លោកឪពុក ចំស្មាខាងឆ្វេង បណ្តាលអោយរងរបួសធ្ងន់ នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ សុំស្រុកអន្លង់វែង ខេត្តឧត្តមានជ័យកាលពីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ជនសង្ស័យត្រូវជាកូន ឈ្មោះ ហួន គី អាយុ៣២ឆ្នាំ រស់នៅភូមិ កើតហេតុ បានយកកាំបិត ផ្គាក់ កាប់ទៅលើជនរងគ្រោះជាឪពុករបស់ខ្លួនឈ្មោះ ឡឹក គៀន អាយុ ៦៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឱ្យឪពុករងរបួសធ្ងន់ស្មាខាងឆ្វេង ដោយមូលហេតុ ជនសង្ស័យលក្ខណៈបែកថ្នាំ ខឹងសុំម៉ូតូឪពុកជិះមិនបានក៏កាប់ទៅលើឪពុកតែម្តង។
ចំពោះជនរងគ្រោះត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យត្រូវបាន ក្រុមគ្រួសារយកទៅកាន់មន្ទីរពេទ្យបង្អែកស្រុក អន្លង់វែង និងបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប។
បន្ទាប់ពីទទួលព័ត៌មានបាន អធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចាត់កម្លាំងជំនាញ និងប៉ុស្ដិ៍រដ្ឋបាល ចុះ ទៅកាន់កន្លែងកើតហេតុស្រាវជ្រាវចាប់ឃាត់ខ្លួនជន សង្ស័យឈ្មោះ ហួន គី អាយុ៣២ឆ្នាំ រស់នៅភូមិកើត ហេតុខាងលើយកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំ រឿង ចាត់ការបន្តតាមនីតិវិធី៕
