សិក្ខាសាលាស្ដីពីការចុះបញ្ជីនាវាសញ្ជាតិ (Ship Registry)
ភ្នំពេញ ៖ ទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូននៅ ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពីការចុះបញ្ជីនាវាសញ្ជាតិ (Ship Registry) រៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអង្គការនាវាចរណ៍សមុទ្រអន្តរជាតិ (IMO) លើគម្រោងភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីខាងកើត (Marine Environment Protection of the South East Asian Seas) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ មន្ត្រីពាក់ព័ន្ធ និងក្រុមប្រឹក្សាអ្នកច្បាប់នៃអង្គការនាវាចរណ៍សមុទ្រ អន្តរជាតិជាច្រើនរូបផងដែរ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្ដល់នូវការប្រឹក្សាផ្នែកច្បាប់ និងចែករំលែកនូវចំណេះដឹងល្អៗក្នុងការចុះបញ្ជីនាវាសញ្ជាតិ ជាពិសេសការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនិងការចុះបញ្ជីនាវាសញ្ជាតិ។
សិក្ខាសាលានេះមានយៈពេល ៥ថ្ងៃ ដោយមានការធ្វើបទបង្ហាញស្តីពីសិទ្ធិ និងកាតព្វកិច្ចនៃប្រទេសម្ចាស់សញ្ជាតិ នៅក្នុងលក្ខខណ្ឌសុវត្ថិភាព សន្តិសុខដែនសមុទ្រ និងការការពារបរិស្ថាន ព្រមទាំងបទបង្ហាញស្តីពីស្ថាប័នពាក់ព័ន្ធនឹងការចុះបញ្ជីនាវា និងផ្តល់យោបល់ដើម្បីបញ្ចប់សេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តដល់សិក្ខាកាម និងវាគ្មិនឱ្យផ្តោតលើការអនុវត្តជាក់ស្តែងលើការងារចុះបញ្ជីនាវា ប្រភេទនៃការចុះបញ្ជី ការត្រួតពិនិត្យនាវា នីតិវិធីពាក់ព័ន្ធ និងទិដ្ឋភាពពាណិជ្ជកម្មផ្សេងៗ៕





