ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបប្រតិភូក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន

26

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ បានទទួលជួប ពិភាក្សាការងារ ជាមួយ ប្រតិភូក្រុមហ៊ុន មកពីប្រទេសចិន រួមមាន ក្រុមហ៊ុន China Energy Costruction International Group Co,Ltd និងក្រុមហ៊ុន ស៊ីម៉ងត៏ K.P Cement Industry Co,Ltd ដឹកនាំដោយលោក Lin Xaodan អនុប្រធាន ជាន់ខ្ពស់ នៃក្រុមហ៊ុន China Energy Costruction International Group Co,Ltd និង ជាប្រធាន ក្រុមហ៊ុន វិនិយោគក្រៅប្រទេស (Overseas Investment Company ) ។
នៅក្នុងជំនួបនោះ បានផ្តោតការយកចិត្តទុកដាក់លើវិស័យចំនួនពីរជាចម្បង គឺវិស័យការផលិតទឹកស្អាតខ្នាតធំ និងគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុនស៊ីម៉ង់តិ៍ K.P Cement Industry Co,Ltd ។ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនChina Energy Costruction International Group Co,Ltd បន្ទាប់ពី បានស្តាប់ពីសាវតារបស់ក្រុមហ៊ុន តាមរយៈលោក Lin Xaodan ។ ឯកឧត្តម បានបញ្ជាក់ថា ក្រុមហ៊ុន China Energy Costruction International Group Co,Ltd ជាក្រុមហ៊ុន ដ៏ធំរបស់រដ្ឋ ចិន មានកម្មវត្ថុអាជីវកម្ម ជាច្រើន ជាពិសេស លើវិស័យថាមពល ទឹកស្អាត និងវារីអគ្គិសនីនោះ ឯកឧត្ដមបានស្នើសុំឲ្យភាគីចិនពិនិត្យ លទ្ធភាពបង្កើតរោងចក្រអាងប្រព្រឹត្តិកម្មទឹកស្អាត ខ្នាតធំ ផ្គត់ផ្គង់តាមបណ្តោយផ្លូវជាតិលេខ៧ ឆ្លងកាត់ ខេត្ត កំពង់ចាម ត្បូង ឃ្មុំ រហូតទៅដល់ស្នួលខេត្តក្រចេះ ដែលជារបៀង សេដ្ឋកិច្ច ដ៏សំខាន់របស់ប្រទេស ដែលមានតម្រូវការទឹកស្អាតប្រមាណ ៣០ម៉ីន ម៉េត្រគូបក្នុងមួយថ្ងៃ ហើយត្រូវយកប្រភពទឹកឆៅពីទន្លេមេគង្គ ។ គម្រោងនេះមានសារ:សំខាន់ណាស់ មិនត្រឹមសម្រាប់ផលសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែបានជួយរំដោះ ប្រជាពលរដ្ឋ នៅតំបន់នោះឲ្យបញ្ឈប់ការប្រើប្រាស់ប្រភពទឹកពីក្រោមដី ដែលសម្បូរណ៍ដោយជាតិពុល ឬសារធាតុគីមីមិនល្អ ពីព្រោះជាតំបន់ដែលមានការ ទម្លាក់គ្រាប់បែក និងរោយម្សៅ ព័ណ៌ ទឹកក្រូច ពីសហរដ្ឋអាមេរិក ក្នុងសម័យសង្គ្រាម ។ ទាក់ទងនឹងការបង្កើត រោងចក្រផលិតស៊ីម៉ង់តិ៍ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ សូមលើកទឹកចិត្ត និងគាំទ្រ ពីព្រោះ ទោះបីមានក្រុមហ៊ុនផលិតស៊ីម៉ង់តិ៍ នៅកម្ពុជា ប្រមាណ៥ទៅ៦ក្រុមហ៊ុនក៏ដោយ ក៏មិនទាន់អាចបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកបានគ្រប់គ្រាន់ដែរ ដោយសារវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យនៅកម្ពុជា កំពុង មានការវិវឌ្ឍន៍ឥតឈប់ឈរ ។
ជាការឆ្លើយតប ភាគីចិនបានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ចំពោះការវិនិយោគនៅកម្ពុជា ។ ក្នុងនោះគម្រោង ទឹកស្អាត ភាគីទាំងពីរ នឹងជជែកគ្នាក្នុងកំរិតរដ្ឋាភិបាល ។ ហើយចំពោះការបង្កើតរោងចក្រផលិត ស៊ីម៉ង់តិ៍ គឺក្រុមហ៊ុននឹងដំណើរការនាពេលខាងមុខ ពីព្រោះក្រុម ហ៊ុន បានទទួលអជ្ញាប័ណ្ណ រុករករ៉ែ ពីក្រសួងរ៉ែ និងថាមពលរួចហើយសម្រាប់ ជាវត្ថុធាតុដើមក្នុងការផលិតស៊ីម៉ង់តិ៍ ។

អត្ថបទដែលជាប់ទាក់ទង