គណៈមេធាវីដាក់ពាក្យបណ្ដឹងលើឈ្មោះ ដេវិដ ឆាណាយវ៉ា ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានប្រព្រឹត្តអំពើក្លែងឋានៈជាមេធាវី
ភ្នំពេញ ៖ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លី ច័ន្ទតុលា បានបញ្ជាក់ថា គណៈមេធាវីដាក់ពាក្យបណ្ដឹងលើឈ្មោះ ដេវិដ ឆាណាយវ៉ា
ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ពាក្យបណ្តឹងលើឈ្មោះ ដេវីដ ឆាណាយវ៉ា ដែលបានប្រព្រឹត្តអំពើក្លែងឋានៈជាមេធាវី ផ្តល់យោបល់ផ្នែកច្បាប់ក្នុងនាមជាមេធាវី និងជេរប្រមាថជាសាធារណៈមកលើគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងខែឧសភា ឆ្នាំ២០២១ ឈ្មោះ ដេវិដ ឆាណាយវ៉ា ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះកូន មានវាសនា បានអះអាងថាខ្លួនជាមេធាវី ទាក់ទងនឹងការបកស្រាយរឿងក្តីមួយ។ ពេលនោះគណៈមេធាវីបានចេញសេចក្តីប្រកាសព័ត៌មានបដិសេធថា ឈ្មោះ ដេវិដ ឆាណាយវ៉ា មិនមែន ជាមេធាវី។ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ គណៈមេធាវីទទួលបានលិខិតបំភ្លឺពីឈ្មោះ ដេវិដ ឆាណាយវ៉ា ដោយបានចេញមុខសុំទោសជាសាធារណៈ និងសុំអំពាវនាវដល់សាធារណជនកុំឱ្យ មានការយល់ច្រឡំតទៅទៀត ពីព្រោះខ្លួនមិនមានឈ្មោះជាមេធាវីនៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាទេ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ឈ្មោះ ដេវិដ ឆាណាយវ៉ា បានប្រើគណនីហ្វេសប៊ុក (Facebook) ឈ្មោះ David S. chanaiwa បង្ហោះលិខិតមួយច្បាប់ដែលនៅក្នុងលិខិតនោះ ឈ្មោះ ដេវិដ ឆាណាយវ៉ា បានបន្តប្រើឋានៈជាមេធាវីនិងបានលើកឡើងថា ខ្លួនបានប្រឹក្សាយោបល់ផ្នែក ច្បាប់ដល់ភាគីវិវាទពាក់ព័ន្ធនឹងវិវាទដីធ្លី។ ដោយមើលឃើញថា ឈ្មោះ ដេវិដ ឆាណាយវ៉ា នៅតែ បន្តប្រើឋានៈជាមេធាវី និងបានផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ ក្នុងនាមជាមេធាវីនៅពេល ដែលខ្លួនពុំមែនជាមេធាវី គណៈមេធាវីបានចេញសេចក្ដីប្រកាសព័ត៌មានដោយទាមទារឱ្យឈោ្មះ ដេវិដ ឆាណាយវ៉ា បញ្ឈប់សកម្មភាពដែលនាំឱ្យមានការភាន់ច្រឡំថាខ្លួនជាមេធាវីដែលមាន សិទ្ធិប្រកបវិជ្ជាជីវៈ តែឈ្មោះ ដេវិដ ឆាណាយវ៉ា មិនត្រឹមតែមិនបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួនទេ បែរជាឈ្មោះ ដេវិដ ឆាណាយវ៉ា បានទាមទារឱ្យគណៈមេធាវីកែតម្រូវសេចក្ដីប្រកាសព័ត៌មាន និងបានបង្ហោះវីដេអូក្នុងហ្វេសប៊ុក(Facebook)ឈ្មោះ David S. chanaiwa ដោយ ធ្វើការប្រមាថមកលើស្ថាប័នគណៈមេធាវីថែមទៀត៕