សកម្មភាពហ្វឹកហាត់រួម នៃសមយុទ្ធរួមគ្នា រវាងកងទ័ពទាំងពីរកម្ពុជា-ចិន “នាគមាស- ឆ្នាំ២០២៣”
កំពង់ឆ្នាំង ÷ សកម្មភាពហ្វឹកហាត់រួម នៃសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន “នាគមាស- ឆ្នាំ២០២៣” នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៣ ប្រកបដោយភាពរលូន បើទោះបីសកម្មភាពនៃសមយុទ្ធនេះ ជួបប្រទះនៅ អាកាសធាតុនាខែចេត្ររៀងក្តៅបន្តិចមែនក៏ដោយ ។ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះនៃកងយោធពលកខេមរភូមិន្ទ ប្រធានក្រុមការងារដឹកនាំសមយុទ្ធភាគីកងទ័ពកម្ពុជា បានបញ្ជាក់ថា សមយុទ្ធនាគមាសលើកទី៥ នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពទាំងពីរកម្ពុជា-
ចិន” ហើយគឺជាផ្នែកមួយនៃយន្តការអនុវត្តក្នុងក្របខ័ណ្ឌនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ។ សមយុទ្ធនាគមាសលើកទី៥ នេះ ពិតជាឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចចំពោះមុខរបស់កងទ័ពនៃប្រទេសទាំងពីរ រួមទាំងតម្រូវការនៃកិច្ចសហប្រតិបត្តិការដើម្បីថែរក្សាសន្តិសុខនៅក្នុងតំបន់ ដោយក្នុងនោះ យើងរំពឹងនឹងទទួលបាននូវបទពិសោធន៍ជាក់ស្តែងលើការងារ និងទិសដៅមួយចំនួន ដូចជា៖ ការផ្លាស់ប្តូរបទពិសោធន៍លើប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងប្រតិបត្តិការជួយសង្គ្រោះមនុស្សធម៌ ក្នុងគ្រោះមហន្តរាយផ្សេងៗ និងការលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អគ្រប់ជ្រុងជ្រោយរវាងប្រទេស, ប្រជាជន និងកងទ័ពទាំងពីរ តាមរយៈការបង្កើនទំនុកចិត្ត, ការប្រាស្រ័យទាក់ទង រាប់អានគ្នា រវាងយោធិនជាលក្ខណៈបុគ្គល និងការស្វែងយល់អំពីវប្បធម៌គ្នាទៅវិញទៅ
មកផងដែរ ។