ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅចំណុចអូរត្រាវ ភូមិចំណោទរាម ឃុំបិតត្រាំង ខេត្តព្រះសីហនុ បានបដិសេធចំពោះការលើកឡើងរបស់លោក ដេវិត ឆាណាយវ៉ា ថាជាតំណាងរបស់ពួកគាត់
(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានជួបជុំគ្នានៅចំណុច ភូមិចំណោទរាម ឃុំបិតត្រាំង ខេត្តព្រះសីហនុ បានសហការ និងឯកភាពជួលគ្រឿងចក្រមកឈុះឆាយរបងផ្ទះដោយខ្លួនឯង ជៀសវាងមានភាពយឺតយ៉ាវ និងរាំងស្ទះដល់ការរៀបចំរបស់រដ្ឋបាលខេត្ត ដែលកន្លងមកប្រជាពលរដ្ឋជាច្រើនគ្រួសារបានសាងសង់របងផ្ទះនៅលើដីកម្មសិទ្ធរបស់ឯកជន ម្យ៉ាងទៀត ប្រជាពលរដ្ឋដែលមានវត្តមាននៅទីតាំងនេះ ធ្វើឡើងបែបនេះ ដើម្បីជួយសម្រួល និងពន្លឿនដល់ការរៀបចំរបស់រដ្ឋបាលខេត្តដែលត្រៀមរៀបចំនូវទីតាំងដីថ្មីសម្រាប់ប្រជាពលរដ្ឋ មានទំហំទទឹង៥ម៉ែត្រ និងបណ្តោយ២០ម៉ែត្រ ក្រោយពីមានការសម្របសម្រួលដោយរដ្ឋបាលខេត្តព្រះសីហនុនាពេលកន្លងមក។
បើតាមសម្តីរបស់ប្រជាពលរដ្ឋ បានលើកឡើង និងបញ្ជាក់ជូនថា៖ នាពេលថ្មីៗមកនេះ មានបុគ្គលមួយរូប ឈ្មោះ ដេវីត ឆាណាយវ៉ា បានយកឈ្មោះពួកគាត់ទៅប្រើប្រាស់នៅលើបណ្តាញសង្គមបែបនេះថា ពលរដ្ឋប្រមាណជាង២០០គ្រួសារ បានទៅពឹងពាក់គាត់ឲ្យជួយដោះស្រាយបញ្ហាដីធ្លីនៅទីតាំងនេះ តែការពិតជាក់ស្តែងពួកគាត់មិនបានទៅពឹងពាក់ ឬអោយជួយអន្តរាគមន៍អ្វីនោះទេ។
ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋ បានលើកដៃម្រាម១០ សំពះអគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែសន្តោសប្រណី ស្វែងរកគោលនយោបាយឈ្នះ ពិសេសសូមថ្លៃងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំទាំងអស់ដែលខិតខំសម្របសម្រួល និងដោះស្រាយយ៉ាងល្អជូនបងប្អូនប្រជាពលរដ្ឋ ធ្វើអោយពួគគាត់មានភាពរីករាយ និងសប្បាយចិត្តជាខ្លាំង ក្នុងការរស់ក្រោមដំបូលសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ៕