ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅកាន់ទីក្រុងវៀងច័ន្ទ ចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤

142

 

ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ ដើម្បីអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ការអញ្ជើញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងតបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។

បើតាមក្រសួងការបរទេសកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ ប្រទេសឡាវនាព្រឹកនេះ រួមមាន លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមន្ត្រីជាន់ខ្ពស់ដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេ​មេគង្គ​លើក​ទី​៤ ដែលធ្វើឡើងនៅប្រទេសឡាវ នាថ្ងៃទី០៥ ខែមេសា នឹងធ្វើឡើងក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព»។

កិច្ចប្រជុំកំពូលខាងលើ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ​ ដែល​គណៈកម្មការទន្លេមេគង្គសម្រេចបានតាមរយៈការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា។ កិច្ចប្រជុំក៏នឹងពិភាក្សាអំពីបញ្ហាប្រឈម​ ដែលកំពុងកើតមាននៅ​ក្នុង​អាង​ទន្លេមេគង្គ និងកំណត់ទិសដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈមក្នុងអាងទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញ​កិច្ចសហ​ប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេគង្គ។

សូមបញ្ជាក់ថា គណៈកម្មការទន្លេមេគង្គ (MRC) គឺជាស្ថាប័នអន្តររដ្ឋាភិបាល ដែលបំពេញ​ការងារ ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការជុំវិញការអភិវឌ្ឍ និងគ្រប់គ្រង​តំបន់​អាងទន្លេមេគង្គប្រកបដោយចីរភាព។

សមាជិករបស់គណៈកម្មការនេះ រួមមាន ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ គណៈ​កម្មការទន្លេមេគង្គបំពេញតួនាទីជាវេទិកាសម្រាប់ការទូតផ្នែកទឹក និងកិច្ចសហប្រតិ​បត្តិការ​ថ្នាក់តំបន់ ដែលតាមរយៈវេទិកានេះ ប្រទេសជាសមាជិកធ្វើការចែករំលែកអត្ថប្រយោជន៍ ដែលបានពីធនធានទឹករួម និងឆ្លើយតបចំពោះបញ្ហាប្រឈមឆ្លង​ដែននៅក្នុងតំបន់​អាង​ទន្លេ​នេះ បើទោះបីជាប្រទេសសមាជិកទាំងនេះ មានផលប្រយោជន៍ជាតិខុសគ្នាយ៉ាង​ណាក៏​ដោយ​។

គណៈកម្មការនេះ ក៏បំពេញតួនាទីជាមជ្ឈមណ្ឌលចំណេះដឹង សម្រាប់ជំរុញឱ្យមានការ​តាក់​តែង​គោលនយោបាយ ផ្អែកតាមភស្តុតាងជាក់ស្ដែងផងដែរ។ គណៈកម្មការនេះ ផ្ដល់​ជំនួយ​បច្ចេកទេស និងបង្កើតជាឧបករណ៍ដើម្បីជួយឱ្យប្រទេសជាសមា​ជិកធ្វើការសម្រេច​ចិត្ត​ផ្អែក​តាមព័ត៌មានត្រឹមត្រូវ។

គណៈកម្មការទន្លេមេគង្គ ត្រូវបានបង្កើតឡើង នៅពេលប្រទេសកម្ពុជា ឡាវ ថៃ និង​វៀត​ណាម​ ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ​សម្រាប់ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាពនៅតំបន់អាងទន្លេមេគង្គ ដែលហៅកាត់ថា កិច្ចព្រមព្រៀងមេគង្គ កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ១៩៩៥ (1995 Mekong Agreement) ។

ប្រទេសជាសមាជិកបានឯកភាពសហការជាមួយគ្នាលើវិស័យជាច្រើន ដូចជាវិស័យ​នេ​សាទ ការគ្រប់គ្រងទឹកជំនន់ ធារាសាស្ដ្រ វារីអគ្គិសនី និងនាវាចរណ៍។ ប្រទេសចិន និង​មីយ៉ាន់ម៉ា ដែលស្ថិតនៅផ្នែកខាងលើបង្អស់នៃលំហូរទន្លេមេគង្គ គឺជាដៃគូសន្ទនារបស់ MRC ចាប់ពីតាំងពីឆ្នាំ១៩៩៦មក៕

 

អត្ថបទដែលជាប់ទាក់ទង