ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រកាសបើកការដ្ឋានសាងសាង គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវ៣ខ្សែ ក្នុងខេត្តក្រចេះជាង ៩៨គ.ម

139

 

ក្រចេះ៖ គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវ៣ខ្សែ ក្នុងខេត្តក្រចេះជាង ៩៨គ.ម ត្រូវបានប្រកាសបើកការដ្ឋានសាងសាង គ្រោងចំណាយពេល១៨ខែ និងថវិកាប្រមាណ៤០លានដុល្លារ រំពឹងថានឹងចូលរួមលើកកម្ពស់ការតភ្ជាប់ប្រទាក់ក្រឡា ជាមួយបណ្តាញផ្លូវជាតិសំខាន់ៗ ឆ្ពោះទៅរាជធានី និងតំបន់ព្រំដែន។

នាព្រឹកថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមអមដំណើរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាសបើកការដ្ឋានលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A។

ថ្លែងក្នុងរបាយការណ៍គោរពជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារពិភពលោក ដែលតែងបានផ្តល់ឥណទានសម្បទាន និងជំនួយបច្ចេកទេសផ្សេងៗ សម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការកសាងសមត្ថភាពដល់មន្ត្រីគម្រោង និងការសិក្សាគម្រោងជាដើម ដើម្បីចូលរួមជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត។

ចំពោះគម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវទាំង៣ខ្សែ ដែលប្រារព្ធពិធីប្រកាសបើកការដ្ឋាននាពេលនេះ មានប្រវែងសរុប៩៨,៤គីឡូម៉ែត្រ ដែលក្នុងនោះរួមមាន៖ កំណាត់ផ្លូវជាតិលេខ៧៣ ប្រវែង ៤៩,៨១គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ខេត្តក្រចេះ) នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ ទទឹង ១០-១៣ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លង) និងទទឹង១៥,៧-១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤គន្លង ក្នុងទីប្រជុំជន)។

ចំណែកឯ ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A មានប្រវែងសរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវខេត្តទាំង ២ខ្សែនេះ នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧ – ១១ម៉ែត្រ មាន២គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង (នៅលើផ្លូវខេត្តលេខ៣៧៧)។

ការលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវទាំង៣ខ្សែនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពទ្រុឌទ្រោម និងខូចខាតរបស់ខ្សែផ្លូវ ជាពិសេសការប្រឈមនឹងគ្រោះទឹកជំនន់ ដែលបង្កឡើងនៅរៀងរាល់រដូវវស្សា។ កំណាត់ផ្លូវទាំង៣ខ្សែនេះ ជាខ្សែផ្លូវសេដ្ឋកិច្ចដ៏មានសារៈសំខាន់ ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិសំខាន់ផ្សេងៗ ឆ្ពោះទៅកាន់រាជធានី និងខេត្តភាគឦសាន និងទៅកាន់ទីប្រជុំជន តំបន់សេដ្ឋកិច្ច និងតំបន់ព្រំដែនរបស់កម្ពុជាយើង។ បើពិនិត្យទៅលើក្របខ័ណ្ឌនៃការតភ្ជាប់ប្រទាក់ក្រឡាវិញ ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A គឺតភ្ជាប់ពីទីប្រជុំជនក្នុងខេត្តក្រចេះ(ពីរង្វង់មូលព្រាបស) ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិព្រែកកាំពី និងទេសចរណ៍ប្រវត្តិសាស្រ្តវិហារសសរ១០០ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។

បន្ទាប់ពីរបាយការណ៍ឯកឧត្តមទេសរដ្ឋមន្ត្រី លោកជំទាវកិត្តិសង្គហបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗ ជាច្រើនតាមរយៈការប្រកាសបើកការដ្ឋាននាពេលកន្លងមក។
ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ពីសារៈសំខាន់នៃសុខសន្តិភាព និងការរីកចម្រើនមកដល់ពេលបច្ចុប្បន្ន ក្រោមពលិកម្មដ៏ធំធេង និងការប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ជាមគ្គុទេ្ទកសក៍ និងប្រតិបត្តិករនយោបាយដ៏ឈ្លាសវៃ បានដឹកនាំប្រទេសជាតិក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ សម្រេចជោគជ័យយ៉ាងធំធេង និងកំពុងនាំកម្ពុជា ធ្វើដំណើរឆ្ពោះទៅមុខដើម្បីសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ថែមពីលើនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក ដែលបានជួយពន្លឿនដល់ការរៀបចំនីតិវិធី ដើម្បីជំរុញគម្រោងនេះឱ្យលេចចេញជារូបរាងឡើង និងបានស្នើឱ្យក្រុមហ៊ុនសាងសង់យកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ ស្របតាមស្ដង់ដារបច្ចេកទេស និងប្រកបដោយគុណភាព និងបញ្ចៀសការបង្កផលប៉ះពាល់ដល់បរិស្ថាន ជាពិសេសការបង្ហូរនូវកាកសំណល់ធ្វើឱ្យប៉ះពាល់ដល់ទីជម្រកត្រីផ្សោតទន្លេមេគង្គរបស់យើង និងស្នើសុំការយោគយល់ អធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នេះផងដែរ។

សូមជម្រាបជូនថា៖ កំណាត់ផ្លូវជាតិលេខ៧៣ ត្រូវសាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture ដោយឡែកផ្លូវខេត្តលេខ៣៧៧ និង៣៧៧A សាងសង់ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd គ្រោងចំណាយរយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៦០ខែដូចគ្នា និងចំណាយថវិកាសាងសង់សរុបប្រមាណ៤០លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក ក្នុងនោះរួមបញ្ចូលទាំងការងារបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង