ឃាត់ខ្លួនពីរនាក់ប្ដីប្រពន្ធ នៅក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីចេញសែកស្អុយ និងឆបោកលុយ៤ម៉ឺនដុល្លារ
បន្ទាយមានជ័យ ៖ ពីរនាក់ប្ដីប្រពន្ធមួយគូ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណីចេញសែកស្អុយ និងឆបោកលុយ ចំនួន៤ម៉ឺនដុល្លារ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។
បុគ្គលទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីចេញសែកស្អុយនេះ ប្ដីឈ្មោះ ប៊ុន ណារិទ្ធ អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះ ឌុន សំអាត អាយុ៣៣ឆ្នាំ អ្នកទាំងពីរស្នាក់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួននេះ ធ្វើឡើងតាមបណ្ដឹងរបស់អាជីវកម្មម្នាក់នៅរាជធានីភ្នំពេញ។
ក្នុងអំឡុងខែមីនា ឆ្នាំ២០២១ ដើមបានដាក់លុយតាមធនាគារ ABA ដើម្បីឲ្យពីរនាក់ប្ដីប្រពន្ធ ជួយទិញម៉ូតូផ្គត់ផ្គង់ឲ្យខ្លួនដើម្បីលក់នៅភ្នំពេញ ជាបន្ដបន្ទាប់សរុបជាង១៤ម៉ឺនដុល្លារ ប៉ុន្ដែបុគ្គលទាំងពីរនាក់នេះ ទិញម៉ូតូឲ្យដើមបណ្ដឹងបានតែជាង១០ម៉ឺនដុល្លារប៉ុណ្ណោះ នៅសល់លុយ៤ម៉ឺនទៀត។
ក្រោយមកបុគ្គលទាំងពីរនាក់នេះ មិនបានទិញម៉ូតូមកផ្គត់ផ្គង់ឲ្យដើមបណ្ដឹងទៀតនោះទេ ហើយដើមបណ្ដឹងបានជួបចរចារក្នុងអំឡុងខែមករា ឆ្នាំ២០២២ ដើម្បីជជែកគ្នារឿងលុយដែលនៅសល់។ ពេលនោះបុគ្គលពីរនាក់ប្ដីប្រពន្ធនេះ បានចេញសែកមួយសន្លឹកឲ្យដើមបណ្ដឹង ដើម្បីសងប្រាក់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ លុះដល់ថ្ងៃកំណត់ជនរងគ្រោះទៅបើកប្រាក់ តែខាងធនាគារបញ្ជាក់ថា សែកនោះមិនមានលុយឡើយ។ ទើបសម្រេចចិត្តដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចដោះស្រាយតាមផ្លូវច្បាប់តែម្ដង៕